រដ្ឋាភិបាល​ថ្មី​កូរ៉េ​ខាង​ត្បូង​បង្កើន​កញ្ចប់​ថវិកា​រដ្ឋ​ជំរុញ​ការងារ​និង​សុខមាលភាព​សង្គម

រដ្ឋាភិបាល​ថ្មី​របស់​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ប្រកាស​ការ​បញ្ចូល​កញ្ចប់​ថវិកា ១០​ពាន់​លាន​ដុល្លារ​ទៅ​ក្នុង​​​ជំនួយ​ផ្នែក​សុខមាលភាព​សង្គម និង​អនុវត្ត​តាម​ពាក្យ​សន្យា​របស់​ប្រធានាធិបតី លោក មូន ជែអ៊ីន ដែល​បាន​សន្យា​បង្កើត​ការងារ ៨១​ម៉ឺន​កន្លែង​នៅ​ក្នុង​វិស័យ​សាធារណៈ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Reuters។

Reuters បាន​ផ្សាយ​បន្ត​ថា ប៉ុន្តែ គណបក្ស​ប្រជាធិបតេយ្យ​កំពុង​កាន់​អំណាច​របស់​លោក មូន កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​ក្នុង​ការ​អនុម័ត​កញ្ចប់​ថវិកា​បន្ថែម ខណៈ​ដែល​គណបក្ស​នេះ​កាន់​កាប់​អាសនៈ​តែ ៤០​ភាគរយ ក្នុង​ចំណោម​អាសនៈ ២៩៩ នៅ​ក្នុង​សភា​ជាតិ ហើយ​នឹង​ត្រូវ​ការ​ការ​គាំ​ទ្រ​ពី​សមាជិក​សភា​បក្ស​ប្រឆាំង​ជាង ៣០​រូប​ទៀត។

គណបក្ស​ប្រឆាំង​ពីរ​នៅ​ក្នុងសភា​ជាតិ​កូរ៉េ​ខាង​ត្បូង បាន​និយាយ​ថា ការ​ចំណាយ​លើ​វិស័យ​សុខមាលភាព​សង្គម​នេះ អាច​នឹង​មិន​នឹង​នរ​ទេ ហើយ​ផែនការ​នេះ មិន​ស្រប​តាម​លក្ខខណ្ឌ​ច្បាប់​នោះ​ឡើយ។

ក្រសួង​ហិរញ្ញវត្ថុ បាន​និយាយ​ថា ការ​បញ្ចូល​កញ្ចប់ថវិកា​បន្ថែម​នេះ នឹង​ត្រូវ​បែក​ចែក ៥.៤​ពាន់​ពាន់​លាន​វ៉ុន សម្រាប់​បង្កើត​ការងារ​នៅ​ក្នុង​វិស័យ​សាធារណៈ និង​សេវាកម្ម​សង្គម​កិច្ច ក្នុង​នោះ​មាន​ទាំង​ទីកន្លែង​សម្រាប់​ក្រុម​ពន្លត់​អគ្គិភ័យ គ្រូ​បង្រៀន និង​បុគ្គលិក​ប្រៃសនីយ៍។

ក្រសួង​នេះ​បន្ថែម​ថា ចំណែក​ប្រាក់ ២.៣​ពាន់​ពាន់​លាន​វ៉ុន​ទៀត នឹង​ត្រូវ​ប្រើ​សម្រាប់​ផ្ដល់​ជំនួយ​សម្រាប់​សម្រាក​លម្ហែ​មាតុភាព និង​មនុស្ស​ចាស់​ដែល​ត្រូវ​ការ​ការ​ថែទាំ​សុខភាព៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ