កូរ៉េ​ខាងត្បូង​ផ្អាក​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​ថ្មី​ដើម្បី​វាយ​តម្លៃ​ផល​ប៉ះពាល់

ការិយាល័យ​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា កូរ៉េ​ខាង​ត្បូង នឹង​ផ្អាក​ការ​ដាក់​ពង្រាយ​ខែល​ការពារ​មីស៊ីល​អាមេរិក​ដ៏​ចម្រូង​ចម្រាស់ រហូត​ទាល់​តែ​ការ​វាយ​ប្រហារ​ផល​ប៉ះ​ពាល់​បរិស្ថាន ដែល​ចេញ​បញ្ជា​ដោយ​ប្រធានាធិបតី​ថ្មី ត្រូវ​បាន​គេ​ធ្វើ​ឡើង​រួច​រាល់។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ក្រុង​សេអ៊ូល​នៅ​ក្រោម​រដ្ឋបាល​អតីត​ប្រធានាធីបតី អ្នកស្រី ផាក ហ្គឹនហេ កាល​ពី​ឆ្នាំ​មុន បាន​ឯកភាព​ដាក់​ពង្រាយ​ប្រព័ន្ធ​ស្កាត់​ចាប់​មីស៊ីល​ដ៏​មាន​ខ្លាំង​ក្លា​ ដើម្បី​ទប់​ទល់​ទៅ​នឹង​ការ​គំរាម​កំហែង​ពី​កូរ៉េ​ខាង​ជើង ដែល​មាន​អាវុធ​នុយក្លេអ៊ែរ បើទោះបី​ជា​បង្ក​ឲ្យ​ក្រុង​ប៉េកាំង​ខឹង​សម្បារ​ក៏​ដោយ។ ក្រុង​ប៉េកាំង​បាន​ចាត់​ទុក​ការ​ដាក់​ពង្រាយ​ខែល​មីស៊ីល​នេះ ជា​ការ​គំរាម​កំហែង​ទៅ​លើ​សមត្ថភាព​កង​ទ័ព​របស់​ខ្លួន។

ជើង​ទម្រ​បាញ់​គ្រាប់​មីស៊ីល​ចំនួន ២​គ្រឿង ត្រូវ​បាន​គេ​ដាក់​ពង្រាយ​នៅ​ភាគ​ខាង​ត្បូង​នៃ​ស្រុក​ស៊ឹងជូ ជា​ទី​ដែល​អ្នក​ស្រុក​រាប់​រយ​នាក់​បាន​ផ្ទុះ​ការ​តវ៉ា​យ៉ាង​បែក​ផ្សែង​ជុំ​វិញ​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថា ជា​ការ​បង្ក​ផល​ប៉ះ​ពាល់​បរិស្ថាន​កើត​ចេញ​ពី​អាគុយ​ដែ​ល​គេ​ប្រើ​នៅ​ក្នុង​ប្រព័ន្ធ​​ខែល​ការពារ​មីស៊ីល។

មន្ត្រី​ជាន់​ខ្ពស់​ម្នាក់​នៅ​ឯ​ការិយាល័យ​ប្រធានាធិបតី បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា គ្មាន​ការ​ចាំ​បាច់​ដក​ជើង​ទម្រ​បាញ់​គ្រាប់​មីស៊ីល​ទាំង​នោះ ដែល​ត្រូវ​បាន​គេ​ដាក់​ពង្រាយ​រួច​ហើយ​នោះ​ទេ។

មន្ត្រី​ដដែល​នេះ បាន​បន្ថែម​ថា ទោះ​ជាយ៉ាងណា​ ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​បន្ថែម​ទៀត គួរ​តែ​ត្រូវ​បាន​ធ្វើ​ឡើង​ក្រោយ​ពី​មាន​ការ​វាយ​តម្លៃ​លើ​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន។

ការ​ផ្អាក​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ខែល​ការពារ​មីស៊ីល​នេះ បាន​កើត​ឡើង​ ២​ថ្ងៃ​ក្រោយ​ពី​លោក មូន បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ទៅ​លើ​ផល​ប៉ះ​ពាល់​ផ្នែក​បរិស្ថាន ដើម្បី​ទទួល​បាន​ការ​គាំ​ទ្រ​កាន់​តែ​ច្រើន​ពី​មហា​ជន​សម្រាប់​គម្រោង​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ