លោក ត្រាំ គាំ​ទ្រ​អារ៉ាប៊ីសាអ៊ូឌីត​ជុំ​វិញ​ជម្លោះ​កាទូត​ជាមួយ​កាតា តែ​​ជំរុញ​ឯកភាព​តំបន់

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅ​ថ្ងៃ​នេះ បាន​ជំរុញ​ឲ្យ​មាន​ឯកភាព​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស ជា​សារ​មួយ​ដែល​កើត​ឡើង​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​លោក​គាំ​ទ្រ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត និង​ការ​សម្រេច​ចិត្ត​របស់​សម្ព័ន្ធ​របស់​ខ្លួន​នៅ​ក្នុង​តំបន់​នេះ ក្នុង​ការ​ផ្ដាច់​ទំនាក់​ទំនង​កាទូត​ជាមួយ​ប្រទេស​កាតា។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

នៅ​ក្នុង​ជំហរ​ផ្លាស់​ប្ដូរ​​មួយ ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត អេហ្ស៊ីប អារ៉ាប់​រួម និង​បារ៉ែន បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​ថា ពួកគេ​បាន​កាត់​ផ្ដាច់​ទំនាក់​ទំនង​កាទូត​ និង​បិទ​ផ្លូវ​អាកាស ផ្លូវ​គោក និង​ផ្លូង​ទឹក​ជាមួយ​ប្រទេសកាតា។

ដោយ​បង្ក​ឲ្យ​មាន​វិបត្តិ​ធំ​បំផុត​នៅ​ក្នុង​ពិភព​អារ៉ាប់​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នេះ បណ្ដា​ប្រទេស​ទាំង​នោះ បាន​ចោទ​រដ្ឋ​សម្បូរប្រេង​នៅ​ឈូង​សមុទ្រ​ពែក្ស​ថា បាន​គាំ​ទ្រ​ក្រុម​ជ្រុល​និយម និង​របៀប​វារៈ​របស់​ប្រទេស​អ៊ីរ៉ង់ ដែល​ជា​សត្រូវ​ធំ​របស់​រដ្ឋាភិបាល​ក្រុង​រីយ៉ាដ។

លោក ត្រាំ បាន​ហក់​ចូល​ក្នុង​វិវាទ​នេះ​ភ្លាម ដោយ​បាន​បង្ហោះ​សារ​ ដែល​ជា​សញ្ញា​បង្ហាញ​នូវ​ការ​គាំ​ទ្រ​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ឡោម​ព័ទ្ធ​ប្រទេស​កាតា​ឲ្យ​ឯកោ បើ​ទោះបី​ជា​ប្រទេស​នេះ​ជា​មូលដ្ឋាន​កង​ទ័ព​អាកាស​អាមេរិក​ដ៏​ធំ​នៅ​តំបន់​មជ្ឈឹម​បូព៌ា​ក៏​ដោយ។

លោក ត្រាំ បាន​បង្ហោះ​សារ​ថា បណ្ដា​ប្រទេស​ទាំង​នេះ និយាយ​ថា ពួកគេ​នឹង​ប្រកាន់​ជំហរ​តឹង​រឹង​ចំពោះ​ការ​ផ្ដល់​មូលនិធិ​ដល់​ក្រុម​ជ្រុល​និយម ហើយ​ប្រទេស​ទាំង​នោះ​សុទ្ធ​តែ​ចង្អុល​ទៅ​ប្រទេស​កាតា។ លោក​បន្ថែម​ថា នេះ​ប្រហែល​ជា​ចំណុច​ចាប់​ផ្ដើម​នៃ​ទីបញ្ចប់​របស់​ចលនា​ភេរវកម្ម។

សេចក្ដី​រាយការណ៍​មួយ​របស់​ទូរទស្សន៍ CNN ក្រោយ​មក​បាន​ដក​ស្រង់​សម្ដី​រដ្ឋ​មន្ត្រី​ការបរទេស​កាតា លោក មហាំមេដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ថានី ដែល​បាន​និយាយ​ថា ក្រុម​ជំនាញ​ការ FBI បាន​សន្និដ្ឋាន​ថា ក្រុម​ចោរ​អ៊ីនថឹណិត​រុស្ស៊ី​បាន​លូក​ដៃ​ក្នុង​រឿង​នេះ។

ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិក​មួយ​នេះ បាន​និយាយ​ថា ក្រុម​មន្ត្រី​ចារកម្ម​អាមេរិក​ជឿ​ថា ក្រុម​ចោរ​អ៊ីនថឹណិត​រុស្ស៊ី​​បាន​បង្កើត​រឿង​មិន​ពិត​មួយ​នៅ​លើ​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កាតា ដែល​អាច​ជំរុញ​ឲ្យ​មាន​ការ​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កាតា​នាំ​មុខ​ដោយ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ