ឡោមព័ទ្ធទៅដោយអំពើហឹង្សាភេរវកម្មដែលជំរុញឲ្យមានការអំពាវនាវឲ្យអ្នកស្រីលាលែងពីតំណែងនោះ នាយករដ្ឋមន្ត្រីអង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ នៅថ្ងៃនេះបានបង្ហាញការប្ដេជ្ញាចិត្តក្នុងការបង្កើតរដ្ឋាភិបាលថ្មីមួយរបស់អង់គ្លេស និងដឹកនាំប្រទេសនេះចាកចេញពីសហភាពអឺរ៉ុប។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ។
មេដឹកនាំបក្សអភិរក្សនិយមរូបនេះ ត្រូវបានដកស្រង់សម្ដីចុះផ្សាយថា អ្វីដែលប្រទេសអង់គ្លេសត្រូវការជាងគេ គឺភាពច្បាស់លាស់។
ការធ្លាក់ចុះតម្លៃប្រាក់ផោនធៀបនឹងប្រាក់ដុល្លារ និងប្រាក់អឺរ៉ូ បង្កឲ្យមានភាពមិនច្បាស់លាស់សម្រាប់ដំណើរការចាកចេញរបស់ប្រទេសអង់គ្លេសចេញពីសហភាពអឺរ៉ុប ហើយក្រុមមេដឹកនាំអឺរ៉ុបបានក្រើនរំលឹកអ្នកស្រី ម៉េយ៍ ថា នាឡិកាកំពុងវាយម៉ោងទៅមុខ។
អ្នកស្រី ម៉េយ៍ ដែលក្លាយជានាយករដ្ឋមន្ត្រីក្រោយការបោះឆ្នោតប្រជាមតិកាលពីខែមិថុនាឆ្នាំ២០១៦ស្ដីពីការចាកចេញពីសហភាពអឺរ៉ុបនោះ បានអំពាវនាវឲ្យមានការបោះឆ្នោតលឿនជាង ៣ឆ្នាំមុនផុតអាណត្តិ ក្នុងបំណងពង្រឹងកណ្ដាប់ដៃអ្នកស្រីក្នុងការចរចាចាកចេញពីសហភាពអឺរ៉ុប។
ប៉ុន្តែ គួរឲ្យសោកស្ដាយ អ្នកស្រី ម៉េយ៍ បានបាត់បង់សំឡេងភាគច្រើននៅក្នុងការបោះឆ្នោតនៅក្នុងសប្ដាហ៍នេះ៕