រុស្ស៊ី​ដាក់​ឃុំ​អ្នក​នយោបាយ​បក្ស​​ប្រឆាំង​ម្នាក់ និង​ចាប់​ខ្លួន​អ្នក​គាំ​ទ្រ​ជាង​១៥០០​នាក់

អ្នក​នយោបាយ​បក្ស​ប្រឆាំង​រុស្ស៊ី  លោក អាឡិចស៊ី ណាវ៉ាល់នី ត្រូវ​បាន​តុលាការ​រុស្ស៊ី​សម្រេច​​ដាក់​ឃុំ​រយៈ​ពេល ៣០​ថ្ងៃ ហើយ​អ្នក​គាំ​ទ្រ​លោក​ជាង ១៥០០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន ក្រោយ​ពី​បាតុកម្ម​នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ការ​តវ៉ា​ទាំង​នោះ គឺ​ជា​បាតុកម្ម​ដ៏​ធំ​លើក​ទី​ពីរ​ចាប់​តាំង​ពី​ខែ​មីនា តាម​ការ​អំពាវ​នាវ​ពី​លោក ណាវ៉ាល់នី ដែល​បាន​ប្រកាស​អំពី​ចេតនា​របស់​លោក​ក្នុង​ការ​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​នៅ​ឆ្នាំ​ក្រោយ ហើយ​បាន​ទាក់​ទាញ​មនុស្ស​ជំនាន់​ថ្មី ឲ្យ​ចុះផ្លូវ​តវ៉ា ​តាម​រយៈ​យុទ្ធនាការ​តាម​អនឡាញ។

អ្នក​នាំ​ពាក្យ​លោក ណាវ៉ាល់នី គឺ​អ្នកស្រី គីរ៉ា យ៉ាមីស បាន​បង្ហោះ​សារ​លើ Twitter ថា តុលាការ​ទីក្រុង​មូស្គូ បាន​សម្រេច​ថា លោក ណាវ៉ាល់នី មាន​កំហុស​ដោយសារ​បាន​រៀបចំ​ការ​តវ៉ា​ដោយ​គ្មាន​ការ​អនុញ្ញាត ហើយ​បាន​កាត់​ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ​រដ្ឋបាល​រយៈ​ពេល ១​ខែ។

ក្រុម​សិទ្ធិ​មនុស្ស OVD-Info បាន​ឲ្យ​ដឹង​ថា អ្នក​គាំ​ទ្រ​លោក ណាវ៉ាល់នី ជាង ១៥០០​នាក់ ត្រូវ​បាន​ចាប់​ខ្លួន អំឡុង​ពេល​បាតុកម្ម​ទូទាំង​ប្រទេស ក្នុង​នោះ​មាន​ទាំង​ការ​ចាប់​ខ្លួន​មនុស្ស ៨២៣​នាក់ នៅ​ទីក្រុង​មូស្គូ ជា​ទីដែល​ប៉ូលិស​បង្ក្រាប​បាតុកម្ម បាន​ព្យាយាម​រុញ​ច្រាន​ក្រុម​មហាជន​ឲ្យ​ថយ​ក្រោយ​វិញ ដោយ​ពេល​ខ្លះ​បាន​ប្រើ​ប្រាស់​ដំបង​ឆក់​វាយ​ទៅ​លើ​ពួកគេ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ