កូននាយករដ្ឋមន្ត្រីសិង្ហបុរីថាមិនចាប់អារម្មណ៍នយោបាយក្រោយទំនាស់ក្នុងគ្រួសារ​

កូនប្រុសនាយករដ្ឋមន្ត្រីសិង្ហបុរី Lee Hsien Loong គឺលោក​ Li Hongyi ថ្លែងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា លោក​មិនមានចំណង់ចំណូលចិត្តធ្វើនយោបាយទេ គឺការថ្លែងបែបនេះ បន្ទាប់ពី មីង និង ពូរបស់លោក​ ចោទថា នាយករដ្ឋមន្ត្រី បច្ចុប្បន្នកំពុងរៀបចំឲ្យកូនប្រុសរបស់គាត់បន្តតំណែង។​

លោក​ Li Hongyi សរសេរនៅលើហ្វេសប៊ុករបស់លោកថា លោកត្រូវការតម្លៃពិត ហើយមិនចូលចិត្តក្នុងការធ្វើនយោបាយនោះទេ។​ នេះបើតាមសារព័ត៌មាន ​Channel News Asia។​

កាលពីថ្ងៃពុធ ម្តាយមី និង ឪពុកមារបស់លោកគឺលោកស្រីវេជ្ជបណ្ឌិត Lee Wei Ling និង លោក​ Lee Hsien Yang ថ្លែងជាសាធារណៈថា ពួកគេបាត់បង់ទំនុកចិត្តលើបងប្រុសរបស់ខ្លួនគឺលោកនាយករដ្ឋមន្ត្រីលី ដោយពួកគេថ្លែងថា លោកនាយករដ្ឋមន្ត្រីលី និង ភរិយារបស់លោកគឺលោកស្រី ហូ ចីង ​មានមហិច្ឆតានយោបាយ រៀបចំតំណែងនាយករដ្ឋមន្ត្រីទុកឲ្យកូនប្រុសរបស់ខ្លួនគឺលោក Li Hongyi។​

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីលី បានថ្លែងថា លោក​មានការអាក់អន់ចិត្តយ៉ាងខ្លាំង ដែលបងប្អូនបង្កើតរបស់ខ្លួន យកបញ្ហាគ្រួសារទៅថ្លែងវាយប្រហារជាសាធារណៈ ហើយលោកបានច្រានចោលការចោទប្រកាន់ទាំងនេះ។​

បច្ចុប្បន្នមានវ័យ៣០ឆ្នាំ លោក​ Li Hongyi កំពុងបម្រើការងារឲ្យទីភ្នាក់ងារបច្ចេកវិទ្យារដ្ឋាភិបាលសិង្ហបុរី ហើយលោកក៏ទើបចាប់ផ្តើមការងារថ្មីជាមួយក្រុមហ៊ុន Google ជាអ្នកគ្រប់គ្រងការផលិត បន្ទាប់ពីបញ្ចប់ការសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាម៉ាស្យាជូសេតនៃសហរដ្ឋអាមេរិក៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ