ពលរដ្ឋផ្ទុះកំហឹង ខណៈអ្នកស្លាប់ដោយអគ្គីភ័យឡើងដល់៣០នាក់

ពលរដ្ឋ​ពេញ​ទៅ​ដោយ​កំហឹង បាន​ស្រែក​ខ្លាំង​ដាក់​នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ និង​បាន​សម្រុក​ចូល​ទីស្នាក់ការ​អាជ្ញាធរ​មូលដ្ឋាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ខណៈ​ដែល​ពួកគេ​ទាមទារ​រក​យុត្តិធម៌​សម្រាប់​ជន​រង​គ្រោះ​ដែល​ស្លាប់​ក្នុង​គ្រោះ​អគ្គីភ័យ​នៅ​អគារ​មួយ​ក្នុង​ទីក្រុង​ឡុងដ៍ ដែល​បាន​សម្លាប់​មនុស្ស ៣០​នាក់ ហើយ​រាប់​សិប​នាក់​ទៀត​បាត់​ខ្លួន។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP ផ្សាយ​បន្ត​ថា អ្នកស្រី ម៉េយ៍ ត្រូវ​បាន​គេ​រិះគន់​ចំពោះ​ការ​គេច​វេស​ពី​ប្រជាជន នៅ​ពេល​អ្នក​ស្រី​ទៅ​មើល​អគារ​កម្ពស់ ២៤​ជាន់​ឈ្មោះ Grenfell កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ប៉ុន្តែ បាន​ជួប​នឹង​ប្រជាជន​ដែល​ស្រែក​ដាក់​អ្នកស្រី​។

មន្ត្រី​ប៉ូលិស​រាប់​សិប​នាក់​បាន​រារាំង​មហា​ជន​ពោរ​ពេញ​ដោយ​កំហឹង​ទាំង​នោះ និង​បាន​​ផ្ទុះ​ភាព​រញ៉េ​រញ៉ៃ ខណៈ​រថយន្ត​ដឹក​អ្នក​ស្រី ម៉េយ៍ បាន​ចាក​ចេញ​ពី​វិហារ​មួយ​​នៅ​ទីនោះ ជា​ទី​ដែល​អ្នក​ស្រី​បាន​ជួប​ជាមួយ​អ្នក​នៅ​រស់រាន​មានជីវិត ពលរដ្ឋ និង​អ្នក​ស្ម័គ្រ​ចិត្ត ហើយ​បាន​សន្យា​ផ្ដល់​មូលនិធិ​ថ្មី​សម្រាប់​អ្នក​រងគ្រោះ។

កំហឹង​ក៏​បាន​ផ្ទុះ​ឡើង​នៅ​ខាង​ក្រៅ​ការិយាល័យ​ក្រុម​ប្រឹក្សា Kensington និង Chelsea ផង​ដែរ ដែល​ស្ថាប័ន​ទាំង​ពីរ​នេះ​ទទួល​ខុស​ត្រូវ​គ្រប់​គ្រង​គេហដ្ឋាន​មួយ​នេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ