វិបត្តិសុខាភិបាលកំពុងឡោមព័ទ្ធជនភៀសខ្លួនចេញពីទីក្រុងម៉ារ៉ាវី

មន្ត្រី​សុខាភិបាល​ហ្វីលីពីន បាន​ឲ្យ​ដឹង​ថា ផ្នែក​ខ្លះ​នៃ​ភាគ​ខាង​ជើង​កោះ​មិនដាណាវ ដែល​កំពុង​ជាប់​ផុង​ក្នុង​ជម្លោះ​ប្រដាប់​អាវុធ​នោះ កំពុង​តែ​ប្រឈម​មុខ​នឹង​វិបត្តិ​សុខាភិបាល​កាន់​តែ​អាក្រក់ ដោយ​ជន​ភៀស​ខ្លួន​ក្នុង​ចំនួន​ដ៏​ច្រើន​កំពុង​ធ្លាក់​ខ្លួន​ឈឺ ដោយសារ​តែ​គ្មាន​ទឹក​បរិភោគ ឬ​គ្មាន​អនាម័យ​ត្រឹម​ត្រូវ ខណៈ​ដែល​ការ​កាន់​កាប់​ទីក្រុង​ម៉ារ៉ាវី​ពី​សំណាក់​ពួក​ឧទ្ទាម បង្ហាញ​ថា គ្មាន​សញ្ញា​បញ្ចប់​ទៅ​ឆាប់ៗ​នោះ​ឡើយ។​ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

សារព័ត៌មាន​បាន​ផ្សាយ​បន្ត​ថា មនុស្ស​ប្រហែល ២​ម៉ឺន​នាក់ កំពុង​រស់​នៅ​ក្នុង​ជម្រក​បណ្ដោះ​អាសន្ន​នៅ​តាម​សាលារៀន និង​អគារ​រួម​របស់​សហគមន៍​ជិត ៤​សប្ដាហ៍​មក​ហើយ ក្រោយ​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​រវាង​កង​ទ័ព​រដ្ឋាភិបាល និង​ពួក​បះបោរ​យក​លំនាំ​តាម​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម។

ស្ថានភាព​រស់នៅ​តាម​មណ្ឌល​ភៀស​ខ្លួន​ទាំង​នោះ មាន​សភាព​កាន់​តែ​អាក្រក់ ហើយ​ចាប់តាំង​ពី​ការ​ភៀស​ខ្លួនកាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា​មក មនុស្ស ៥៩​នាក់​ហើយ បាន​ស្លាប់​ដោយសារ​តែ​មូលហេតុ​ទាក់​ទង​នឹង​សុខភាព។ អ្នក​ស្លាប់​ទាំង​នោះ មាន​ទាំង​មនុស្ស ១៩​នាក់ ដែល​មាន​បញ្ហា​សុខភាព​​ជាស្រេច​ទៅ​ហើយ ដូចជា​ជំងឺ​មហារីក​ជា​ដើម។

ផ្ទុយ​ទៅ​វិញ មាន​តែ​ជន​ស៊ីវិល ២០​នាក់​ប៉ុណ្ណោះ ដែល​ស្លាប់​ដោយសារ​តែ​ការ​បាញ់​ប្រយុទ្ធគ្នា ប៉ុន្តែ ចំនួន​នេះ ត្រូវ​បាន​គេ​គិត​ថា នឹង​មាន​ច្រើន​ជាង​នេះ ប្រសិន​បើ​គេ​អាច​ចូល​ទៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​​​បាន​ស្រួល​បួល​នោះ។

រដ្ឋ​មន្ត្រី​សុខាភិបាល លោក Paulyn Ubial និយាយ​ថា ក្ដី​កង្វល់​របស់​លោក គឺ​ថា ជន​ភៀស​ខ្លួន ១៨​ម៉ឺន​នាក់ កំពុង​រស់នៅ​ខាង​ក្រៅ​ជម្រក​បណ្ដោះ​អាសន្ន ដោយ​មិន​មាន​ការ​ត្រួត​ពិនិត្យ​ស្ថានភាព​សុខភាពរបស់​ពួកគេ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ