យ៉ាងតិច ៥៨នាក់ស្លាប់ក្នុងគ្រោះថ្នាក់អគ្គីភ័យនៅទីក្រុងឡុងដ៍ អ្នកស្រី ម៉េយ៍ ទទួលស្គាល់បរាជ័យ

ប៉ូលិស​អង់គ្លេស បាន​និយាយ​នៅ​ថ្ងៃ​នេះ​ថា អគ្គីភ័យ​ដែល​បាន​ឆាប​ឆេះ​អគារ​លំនៅឋាន​មួយ​នៅ​ទីក្រុង​ឡុងដ៍​ក្នុង​សប្ដាហ៍​នេះ បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ៥៨​នាក់ ខណៈ​ដែល​នាយករដ្ឋ​មន្ត្រី​អង់គ្លេស អ្នកស្រី ថេរ៉េសា ម៉េយ៍ បាន​ទទួល​ស្គាល់​ថា ការឆ្លើយ​តប​ទៅ​នឹង​អគ្គីភ័យ​នោះ​ពី​សំណាក់​អាជ្ញាធរ មិន​បាន​ល្អ​គ្រប់​គ្រាន់​នោះ​ឡើយ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយសារ​តែ​កំណើន​នៃ​កំហឹង​ចំពោះ​ការ​ដោះ​ស្រាយ​បញ្ហា​អគ្គីភ័យ​របស់​រដ្ឋាភិបាល​​នោះ អ្នកស្រី ម៉េយ៍ បាន​ជួប​ជាមួយ​ពលរដ្ឋ​រស់​នៅ​ក្នុង​អគារ Grenfell និង​បាន​សន្យា​ជួយ​ដល់​ជន​រង​គ្រោះ ខណៈ​ដែល​ក្រុម​បាតុករ​បាន​ប្រមូល​ផ្ដុំ​គ្នា​តវ៉ា​នៅ​តាម​ផ្លូវ​នានា​ជុំ​វិញ​គេហដ្ឋាន​របស់​អ្នកស្រី ម៉េយ៍ អស់​រយៈ​ពេល ២​ថ្ងៃ​ហើយ។

ដោយ​ទើប​តែ​ឆ្លង​ផុត​ការ​បោះ​ឆ្នោត​កាល​ពី​ចុង​សប្ដាហ៍​មុន​នោះ អ្នកស្រី ម៉េយ៍ បាន​រង​ការ​រិះគន់​ចំពោះ​ការ​ឆ្លើយ​តប​ទៅ​នឹង​អគ្គីភ័យ​នោះ ហើយ​បាន​រួត​រះ​គេច​ចេញ​ពី​ប្រជា​ពលរដ្ឋ​កាល​ពី​ថ្ងៃ​សុក្រ​កន្លង​មក ក្រោម​ការ​ការពារ​យ៉ាង​តឹង​រឹង​ពី​សំណាក់​កម្លាំង​ប៉ូលិស ខណៈ​ដែល​ក្រុម​បាតុករ​ស្រែក​ដាក់​អ្នកស្រី​ថា “ថោក​ទាប”​។

មេ​ប៉ូលិស​ទីក្រុង​ឡុងដ៍ លោក Stuart Cundy បាន​និយាយ​ថា ចំនួន​អ្នក​ស្លាប់ ៥៨​នាក់ គឺ​ជា​មនុស្ស​ដែល​កំពុង​បាត់​ខ្លួន ហើយ​ត្រូវ​បាន​គេ​សន្និដ្ឋាន​ថា បាន​ស្លាប់​នៅ​ក្នុង​អគ្គីភ័យ​នោះ ដែល​បាន​ឆាប​ឆេះ​អគារ​លំនៅឋាន​កម្ពស់ ២៤​ជាន់ ខណៈ​ដែល​ពលរដ្ឋ​លង់​លក់​ក្នុង​ដំណេក​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​ពុធ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ