មេបក្សប្រឆាំងម៉ាឡេស៊ីប្រកាសមិនឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី

មេ​ដឹកនាំ​បក្ស​ប្រឆាំង​ម៉ាឡេស៊ី​ដែល​កំពុង​ជាប់​ឃុំ លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា លោក​នឹងមិន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នាយករដ្ឋ​មន្ត្រី នៅ​ក្នុង​ការ​បោះ​ឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៨​នោះ​ទេ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ដោយ​ធ្លាប់​ជា​តារា​រះ​ត្រដែត​នៅ​ក្នុង​បក្ស​កាន់​អំណាច UMNO លោក អាន់វ៉ា ត្រូវ​បាន​គេ​ចាត់​ទុក​ជា​កម្លាំង​គំរាម​​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក ណាជីប រ៉ាហ្សាក់ និង​ក្រុម​សម្ព័ន្ធ​របស់​លោក បន្ទាប់​ពី​លោក អាន់វ៉ា បាន​ដឹកនាំ​សម្ព័ន្ធ​បក្ស​ប្រឆាំង​ចំនួន ៣ ឆ្ពោះ​ទៅ​រក​ជោគ​ជ័យ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ឆ្នាំ​២០១៣​កន្លង​មក។​

លោក អាន់វ៉ា ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនាគារ ក្រោម​ការ​ចោទ​ថា​បានរួម​ភេទ​ជាមួយ​អតីត​ជំនួយ​ការ​របស់​ខ្លួន​ដែលជា​បុរស​ដូច​គ្នា។ ការ​ចោទ​ប្រកាន់​នេះ ត្រូវ​បាន​លោក អាន់វ៉ា និង​អ្នក​គាំ​ទ្រ​លោក ចាត់​ទុក​ជា​ចេតនា​នយោបាយ ដើម្បី​បញ្ចប់​អាជីព​នយោបាយ​របស់​លោក។

ប្រភព​ពី​រដ្ឋាភិបាល​ម៉ាឡេស៊ី បាន​ឲ្យ​ដឹង​ថា ការ​បោះ​ឆ្នោត​ជាតិ អាច​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​នៅ​ឆ្នាំ​នេះ ក្នុង​បំណង​រារាំង​បក្ស​ប្រឆាំង​កុំ​ឲ្យ​ទទួល​បាន​ការ​គាំ​ទ្រ។ ប៉ុន្តែ ការ​បោះ​ឆ្នោត​ជាតិ ត្រូវ​បាន​កំណត់​ធ្វើ​ឡើង​នៅ​ពាក់​កណ្ដាល​ឆ្នាំ​ក្រោយ។

លោក អាន់វ៉ា បាន​ទទួល​ការ​គាំ​ទ្រ​ពី​អតីត​នាយករដ្ឋ​មន្ត្រី​ម៉ាឡេស៊ី លោក មហាធៀ មហាម៉េធ ខណៈ​ដែល​ក្រុម​ចាក​ចេញ​ពី​បក្ស​កាន់​អំណាច និង​បក្ស​ប្រឆាំង បាន​រួម​ដៃ​គ្នា​ប្រឆាំង​នឹង​លោក ណាជីប ដែល​ឡោម​ព័ទ្ធ​ទៅ​ដោយ​រឿង​អាស្រូវ​​ពុក​រលួយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ