អគ្គស្នងការនគរបាលជាតិ បានចាត់ទុកសកម្មភាពរបស់បុរសម្នាក់រហស្សនាម K01 ថា ជាទង្វើខុសច្បាប់ ដោយថា បុគ្គលរូបនេះ និងក្រុមរបស់គាត់ ពុំមានសិទ្ធិអំណាចដោះស្រាយសណ្ដាប់ធ្នាប់ចរាចរណ៍នោះឡើយ។
អគ្គស្នងការនគរបាលជាតិ បានប្រកាសដូច្នេះ នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន ដោយបានដកស្រង់សម្ដីមន្ត្រីនគរបាលជាន់ខ្ពស់នៃស្នងការនគរបាលរាជធានីភ្នំពេញ ប៉ុន្តែពុំបានបញ្ចេញឈ្មោះមន្ត្រីនគរបាលរូបនោះឡើយ។
នៅក្នុងសារនោះ អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា តាមផ្លូវច្បាប់ បុរសដែលត្រូវបានគេស្គាល់ថា K01 នោះ ពុំមាននីតិសម្បទា ឬលក្ខណៈសម្បត្តិស្របតាមច្បាប់ សម្រាប់ដោះស្រាយសណ្ដាប់ធ្នាប់ចរាចរណ៍នៅលើដងផ្លូវនោះទេ។
បុរសរហស្សនាម K01 ដែលជានិពន្ធនាយកអង្គភាពសារព័ត៌មានកម្លាំងមនុស្សធម៌ បានឃាត់ដំណើរ និងផ្សាយបន្តផ្ទាល់តាមបណ្ដាញសង្គមហ្វេសប៊ុក នូវអ្នកបញ្ជាយានជំនិះជាច្រើន ដែលបានបើកបរបញ្ច្រាសទិសសញ្ញាចរាចរណ៍ នៅលើដងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ។
សកម្មភាពរបស់បុរសរហស្សនាម K01 ត្រូវបានអ្នកប្រើប្រាស់ហ្វេសប៊ុករិះគន់ និងចោទសួរថា តើបុរសម្នាក់នោះ មានសិទ្ធិអ្វីទៅឃាត់យានជំនិះប្រជាពលរដ្ឋនៅតាមដងផ្លូវសាធារណៈ។
អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា មានតែកម្លាំងសមត្ថកិច្ចតែប៉ុណ្ណោះ ដែលមានសិទ្ធិឃាត់ និងបញ្ជាយានយន្តនៅលើដងផ្លូវ។
ជាងនេះទៅទៀត ស្នងការនគរបាលជាតិ បានចាត់ទុកសកម្មភាពរបស់បុរសរហស្សនាម K01 ថា ធ្វើឡើងដើម្បីប្រជាប្រិយភាព និងផលប្រយោជន៍ផ្ទាល់ខ្លួនតែប៉ុណ្ណោះ៕