អភិបាលខេត្តថ្មីដែលគ្រោងនឹងចូលកាន់តំណែងដឹកនាំនៅខេត្តកំពង់ចាម លោក គួច ចំរើន បានឲ្យដឹងថា លោកនឹងផ្ដោតលើបញ្ហាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងទឹកដីខេត្តមួយនេះ ទៅតាមតួនាទីដែលត្រូវបានកំណត់ដោយរដ្ឋាភិបាល នៅពេលលោកចូលកាន់តំណែងជាផ្លូវការ។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១៧ ខែមិថុនា លោក គួច ចំរើន អាយុ ៤៥ឆ្នាំ ដែលជាអតីតអភិបាលខណ្ឌដូនពេញ ត្រូវបានរដ្ឋាភិបាលសម្រេចតែងតាំងជាអភិបាលខេត្តថ្មីនៃខេត្តកំពង់ចាម ដោយនឹងឡើងដឹកនាំជំនួសលោក លន់ លឹមថៃ ដែលត្រូវបានរដ្ឋាភិបាលដំឡើងទៅជាទីប្រឹក្សាមានឋានៈស្មើនឹងរដ្ឋមន្ត្រី។
ក្នុងកិច្ចសម្ភាសជាមួយវីអូឌីតាមទូរស័ព្ទ លោក គួច ចំរើន ប្រាប់ថា លោកនឹងដឹកនាំចាត់ចែងលើការងារសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់ប្រជាពលរដ្ឋ ទៅតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាល បើទោះបីជាលោកពុំទាន់អាចចាត់បញ្ហាអាទិភាពនៅឡើយក៏ដោយ។
លោក គួច ចំរើន មានប្រសាសន៍ថា៖ “អ្វីមុន អ្វីក្រោយ មិនទាន់អាចកំណត់ថា ធ្វើអ្វីមុនទេ សំខាន់លើស្ថានភាពជាក់ស្ដែង! តែអ្វីដែលច្បាស់លាស់គឺថា ភារកិច្ចរបស់អាជ្ញាធរ គ្មានអ្វីក្រៅពីការងារសន្តិសុខ សណ្ដាប់ សុវត្ថិភាពប្រជាពលរដ្ឋនោះទេ។ ក្រៅពីនោះ គឺការងារអភិវឌ្ឍន៍មូលដ្ឋាន ជាមួយនឹងការខិតខំបម្រើសេវាសាធារណៈជូនបងប្អូនប្រជាពលរដ្ឋ”។
ខេត្តកំពង់ចាម គឺជាមូលដ្ឋានដែលមានការប្រកួតប្រជែងគ្នាយ៉ាងតឹងតែងរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
លទ្ធផលនៃការបោះឆ្នោតបណ្ដោះអាសន្ន បង្ហាញថា គណបក្សប្រជាជនកម្ពុជាបានចាញ់គណបក្សសង្គ្រោះជាតិនៅខេត្តនេះ ដោយបក្សប្រឆាំងឈ្នះបានឃុំសង្កាត់ចំនួន ៧៦ ក្នុងចំណោមឃុំ-សង្កាត់សរុប ១០៩ នៅទូទាំងខេត្តនេះ៕