ព្រះមហាក្សត្រអារ៉ាប៊ីសាអ៊ូឌីត សាល់ម៉ាន់ បានទម្លាក់ក្មួយប្រុសរបស់ទ្រង់ពីតំណែងជារាជទាយាទ នៅថ្ងៃនេះ ហើយបានលើកបុត្រារបស់ទ្រង់ព្រះនាម មូហាំម៉េដ ប៊ីន សាលម៉ាន់ ជារាជទាយាទវិញ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP ដែលមើលឃើញថា ព្រះអង្គម្ចាស់ មូហាំម៉េដ គឺជាអ្នកជំនាន់ដំបូងត្រូវបានរៀបចំសម្រាប់ឡើងកាន់អំណាច នៅក្នុងរាជាណាចក្រមួយនេះ។
ការតែងតាំងនេះ បានបញ្ចប់ទាំងស្រុងនូវការដកហូតអំណាចពីព្រះអង្គម្ចាស់ មូហាំម៉េដ ប៊ីន ណាយ៉េហ្វ។ ព្រះអង្គម្ចាស់អង្គនេះ ត្រូវបានគេចាត់ទុកជានិមិត្តរូបនៃក្ដីសង្ឃឹមរបស់ពលរដ្ឋក្មេងៗនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដែលជាងពាក់កណ្ដាលមានអាយុក្រោម ២៥ឆ្នាំ។
យោងតាមព្រះរាជក្រឹត្យចេញដោយទីភ្នាក់ងារព័ត៌មានផ្លូវការអារ៉ាប៊ីសាអ៊ូឌីត បានឲ្យដឹងថា ព្រះអង្គម្ចាស់ មូហាំម៉េដ ប៊ីន សាលម៉ាន់ អាយុ ៣១ឆ្នាំ ក៏ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រី ផងដែរ ហើយនៅបន្តកាន់តំណែងរបស់ទ្រង់ជារដ្ឋមន្ត្រីការពារជាតិ។
ព្រះរាជក្រឹត្យនោះ ក៏បានបញ្ជាក់ផងដែរថា ព្រះអង្គម្ចាស់ មូហាំម៉េដ ប៊ីន ណាយ៉េហ្វ ដែលជាអ្នកអនុវត្តច្បាប់ល្បីឈ្មោះនៅក្នុងចំណោមលោកខាងលិចដោយសារទ្រង់ប្រឹងប្រែងប្រយុទ្ធនឹងពួកអាល់កៃដានោះ ក៏ត្រូវបានដកហូតពីតំណែងជារដ្ឋមន្ត្រីមហាផ្ទៃផងដែរ៕