ប្រធានាធិបតីចិនលោក ស៊ី ជីនពីង នឹងទៅបំពេញទស្សនកិច្ចនៅដែនដីហុងកុងនៅសប្តាហ៍ក្រោយ ដើម្បីចូលរួមពិធីរំឭកខួប ២០ឆ្នាំនៃការប្រគល់ដែនដីនេះពីអង់គ្លេសទៅឲ្យចិន។
ប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុកចុះផ្សាយថា ដំណើរទស្សនកិច្ចរបស់មេដឹកនាំចិនទៅកាន់ដែនដីហុងកុងនេះ អាចនឹងមានការប្រឈមមុខដាក់គ្នាខ្លាំង ខណៈយុវជនទាមទារឲ្យមានការដឹកនាំតាមបែបប្រជាធិបតេយ្យត្រៀមរៀបចំការតវ៉ាប្រឆាំងដំណើរទស្សនកិច្ចនេះ។
មន្ត្រីរដ្ឋាភិបាលមិនបានរំពឹងថា លោក ស៊ី ជីនពីង ធ្វើដំណើរទៅកាន់ដែនដីហុងកុងនោះទេ ព្រោះថានេះជាដំណើរទស្សនកិច្ចលើកទី១ហើយចាប់តាំងពីលោកក្លាយជាប្រធានាធិបតីកាលពីឆ្នាំ២០១៣។
សារព័ត៌មាន South China Morning Post ចុះផ្សាយថា ដំណើរទស្សនកិច្ចផ្លូវការរបស់លោកស៊ី ទៅកាន់ដែនដីហុងកុងបានបញ្ជាក់ជាផ្លូវការនៅថ្ងៃសុក្រនេះ។
ដំណើរទស្សនកិច្ចនេះចាប់ផ្តើមធ្វើឡើងស្របពេលដែលមានការចោទថា រដ្ឋអំណាចទីក្រុងប៉េកាំងកំពុងតែរឹតត្បិតសេរីភាព និង បង្កឲ្យមានការមិនសប្បាយចិត្ត ដល់រដ្ឋពាក់កណ្តាលស្វ័យយ័តនេះ នាំឲ្យមានចលនាតវ៉ាថ្មីកើតឡើងទាមទារផ្តាច់ខ្លួនចេញពីប្រទេសចិន។
ក្រុមអ្នកតវ៉ាអះអាងថា ពួកគេរៀបចំការតវ៉ានៅក្នុងពិធីរំឭកខួបនៃការប្រគល់ដែនពីអង់គ្លេសទៅចិន ចំណែកអាជ្ញាធរអះអាងថា នឹងមានការកម្លាំងការពារច្រើនពេលលោកស៊ីជីនពីងទៅដល់៕