មន្ទីរ​ពេទ្យ​ប៉ាគីស្ថាន​ពេញ​ប្រៀប​ទៅ​ដោយ​ជន​រង​គ្រោះ ក្រោយ​ការ​បំផ្ទុះ​ឡាន​ដឹក​ប្រេង

បណ្ដា​មន្ទីរ​ពេទ្យ​នានា​ក្នុង​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ពុះពារ​ព្យាបាល​ជន​រង​គ្រោះ​ជាច្រើន​នាក់ ដែល​បណ្ដាល​ពី​ការ​បំផ្ទុះ​គ្រាប់​បែក​នៅ​លើ​​រថយន្ត​ដឹក​ប្រេង​មួយ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ១៤៦​នាក់ ខណៈ​ដែល​នាយករដ្ឋ​មន្ត្រី លោក ណាវ៉ាស់ ហ្សារីហ្វ បាន​ធ្វើ​ដំណើរ​ត្រឡប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​ក្រៅ​ប្រទេស​វិញ ដើម្បី​ទៅ​សួរ​សុខ​ទុក្ខ​ជន​រង​គ្រោះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

មន្ត្រី​រដ្ឋាភិបាល និង​អ្នក​ជួយ​សង្គ្រោះ​ បាន​និយាយ​ថា មនុស្ស​ដល់​ទៅ​ជាង ១១៨​នាក់ បាន​រង​របួស​នៅ​ក្នុង​ហេតុការណ៍​បំផ្ទុះ​គ្រាប់​បែក​នៅ​ភាគ​ខាង​កើត​នៃ​ខេត្ត​បញ្ចាប ដែល​ការ​វាយ​ប្រហារ​នោះ កើត​ឡើង​ចំ​ពេល​ដែល​មនុស្ស​ប្រមូល​ផ្ដុំ​គ្នា​ដើម្បី​ប្រមូល​ប្រេង​លេច​ធ្លាយ ក្រោយ​ពី​ឡាន​ដឹក​ប្រេង​មួយ​គ្រឿង​បាន​ក្រឡាប់​កាល​ពី​ថ្ងៃ​អាទិត្យ​ចុង​សប្ដាហ៍​កន្លង​មក​នេះ។

វា​ជា​អំពើ​ហឹង្សា​ដ៏បង្ហូរ​ឈាម​មួយ​ដែល​បាន​កើត​ឡើង​នៅ​ចំ​ថ្ងៃ​ដែល​សាសនិក​មូស្លីម​ប្រារព្ធ​ពិធី​បុណ្យ​ស្រាយ​បួស នៅ​ចុង​រដូវ​បុណ្យ​រ៉ាំម៉ាឌន។ យ៉ាង​ហោច​ណាស់​មនុស្ស ៦៥​នាក់ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​អំពើ​ហឹង្សា​បំផ្ទុះ​គ្រាប់​បែក​ នៅ​ក្នុង​ទីក្រុង​ចំនួន ២ កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន ដែល​ពួក​បះបោរ​ឥស្លាម​ជ្រុល​និយម បាន​ប្រកាស​ទទួល​ខុស​ត្រូវ។

មន្ទីរ​ពេទ្យ​នានា​កំពុង​តែ​រៀបចំ​តេស្ដ​ DNA ដើម្បី​ស្វែង​រក​អត្តសញ្ញាណ​សព ដែល​ត្រូវភ្លើង​ឆាប​ឆេះ​រលាក​ខ្លួន​រហូត​ដល់​មើល​មិន​យល់។ យ៉ាង​ហោច​ណាស់​កុមារ ២០​នាក់ ក៏​ស្ថិត​ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​នោះ​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ