ម្ចាស់​ពាន​​ណូបែល​សន្តិភាព​ចិន​មាន​ជំងឺ​មហារីក​ធ្ងន់​ធ្ងរ អាជ្ញាធរ​បញ្ជូន​ទៅ​ព្យាបាល​ខាង​ក្រៅ

ជយលាភី​ពាន​រង្វាន់​ណូបែល​សន្តិភាព​របស់​ចិន លោក លីវ ស៊ាវប៉ូ ត្រូវ​បាន​គេ​ផ្ទេរ​​ពី​ពន្ធនាគារ​ទៅ​​មន្ទីរ​ពេទ្យ​មួយ​ដើម្បី​ព្យាបាល​ជំងឺ​​មហារីក​ដំណាក់​កាល​ចុង​ក្រោយ ប៉ុន្តែ អ្នក​គាំ​ទ្រ​រូប​លោក​​បាន​អំពាវ​នាវ​ឲ្យ​ដោះ​លែង​រូប​លោក​ដោយ​គ្មាន​លក្ខខណ្ឌ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដែល​បាន​ដក​ស្រង់​សម្ដី​មេធាវី​របស់​លោក លីវ ស៊ាវប៉ូ។

មេធាវី​លោក ម៉ូ សៅពីង បាន​ឲ្យ​ដឹង​ថា លោក លីវ ដែល​កំពុង​ជាប់​ឃុំ​អស់​រយៈ​ពេល ៣​ឆ្នាំ​ហើយ​ក្នុង​ចំណោម​ទោស​រយៈ​ពេល ១១​ឆ្នាំ​នោះ ត្រូវ​បាន​គេ​រក​ឃើញ​ថា​មាន​ជំងឺ​មហា​រីក​ថ្លើម​ដំណាក់​កាល​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​២៣ ខែ​ឧសភា និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ទៅ​ព្យាបាល។

សកម្មជន​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​វ័យ​ ៦១​ឆ្នាំ​រូប​នេះ ត្រូវ​បាន​គេ​នាំ​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​មួយ​នៅ​ភាគ​ឦសាន​នៃ​ទីក្រុង​ស៊ិនយ៉ាង ក្នុង​ខេត្ត​ឡៅនីង ជា​កន្លែង​ដែល​គេ​ឃុំ​ខ្លួន​រូប​លោក។

ការិយាល័យ​រដ្ឋបាល​ពន្ធនាគារ​ឡៅនីង បាន​បញ្ជាក់​ពី​ការ​បញ្ជូន​លោក លីវ ទៅ​ព្យាបាល​នៅ​ខាង​ក្រៅ ដោយ​ថា លោក លីវ ស្ថិត​ក្រោម​ការ​ព្យាបាល​ពី​គ្រូ​ពេទ្យ​ចិន​ចំនួន ៨​រូប នៅ​ឯ​មន្ទីរ​ពេទ្យ​នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ចិន៕

កវី​និពន្ធ​រូប​នេះ ត្រូវ​បាន​អាជ្ញាធរ​ចិន​កាត់​ទោស​កាល​ពី​ឆ្នាំ​២០០៩ ក្រោយ​ជំរុញ​ឲ្យ​មាន​កំណែ​ទម្រង់​ប្រជាធិបតេយ្យ។ លោក លីវ ត្រូវ​បាន​ជ្រើស​រើស​ជា​ជយលាភី​ពាន​រង្វាន់​ណូបែល ខណៈ​លោក​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ