អ្នកការពារសិទ្ធិមនុស្ស និងមន្ត្រី​ គ.ជ.ប ថាស្ទើ​រតែ​មិន​ជឿ​ថា​ខ្លួន​មាន​សេរីភាព

មន្ត្រីសិទ្ធិមនុស្សអាដហុក លោក ណៃ វ៉ង់ដា

មន្ត្រី​ការ​ពារ​សិទ្ធិ​មនុស្ស និង​អគ្គលេខា​ធិការ​រងគ.ជ.ប ​ដែល​ត្រូវបា​ន​ដោះ​លែងឲ្យនៅក្រៅឃុំ ​កាលពី​ល្ងាច​ថ្ងៃទី២៩ខែមិថុនាម្សិល​មិញ ​បាន​បញ្ចេញ​មតិ​យោបល់​ខុស​គ្នា​ពី​ដោះ​លែង និង​​ថាពួកគេ​ស្ទើ​រតែ​មិន​ជឿ​រ​អំពីការ​ដោះ​លែង​នេះទេ។

មន្ត្រីការពារសិទ្ធិមនុស្សទាំង៥រូបនោះ ត្រូវបានចាប់ខ្លួនដោយអង្គភាពប្រឆាំងអំពើពុករលួយ កាលពីចុងខែមេសាឆ្នាំ២០១៦ ខណៈស្ថានការណ៍នយោបាយកំពុងឡើងកម្តៅ។ បើតាមមេធាវីការពារក្តី លោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី រួមទាំង​មន្ដ្រី​ គ.ជ.ប លោក នី ចរិយា ត្រូវបាន​ឃុំ​ខ្លួន​ជាបណ្តោះអាសន្ន​ដោយ​គ្មាន​ភស្ភុតាងដាក់​បន្ទុក​នៅ​ឡើយទេ។

ក្នុង​ដី​កាបង្គាប់​ឲ្យ​ដោះ​លែងចុះ​ថ្ងៃ​ទី​២៩មិថុនាឆ្នាំ​២០១៧ ​ចៅក្រម​ស៊ើប​សួរ​លោក ធាម ច័ន្ទ​ពិសិដ្ឋ បានបញ្ជា​ទៅ​កាន់​ប្រធាន​ពន្ធនាគារភ្នំពេញ និង​ប្រធានមណ្ឌល​អប់​រំ​ទី១ ឲ្យ​ដោះ​លែង​អ្នក​ទាំង៥​នាក់​នេះ ដោយ​ពុំ​បាន​បញ្ជាក់​ពី​មូល​ហេតុ​នៃ​ការ​ដោះ​លែង​ទេ។

ដើ​រចេញពី​ពន្ធនាគារ​ក្នុងសំលៀក​បំពាក់​ស៊ីវិល​ អគ្គលេខា​ធិការ​រង​គ.ជ.ប លោក នី ចរិយា មាន​ប្រសាសន៍​ទៅ​កាន់​អ្នក​សារព័ត៌មាន​ថា ​លោក​មាន​អារម្មណ៍​សប្បាយ​រីក​រាយ​ជាខ្លាំង ចំពោះ​ការ​ដោះ​លែង​នេះ​ តែ​លោក​សុំ​មិន​បញ្ចេញ​មតិ​យោបល់​លើ​ការ​ដោះ​លែង​នេះ​ទេ ដោយ​​ថា​ រឿងនេះ កំពុងស្ថិត​នៅ​ក្នុ​ង​នីតិវិធី​តុលា​ការ​​នៅ​ឡើយ។

លោក​ថា៖ «ខ្ញុំ​មិនអាច​ធ្វើ​អត្ថាធិប្បាយ​ពាក់​ព័ន្ធនឹង​នីតិវិធី​តុលាការ​ទេ ព្រោះ​រឿង​នេះ ​កំពុង​ស្ថិត​ក្នុង​នីតិតវិធី​តុលាការ​នៅឡើយ។ … ខ្ញុំ​មា​នអារម្មណ៍សប្បាយ​ចិត្ត​ដូច​ប្រជាពល​រដ្ឋ​ខ្មែរ​យើង​ដទៃ​ទៀត​ដែរ​ណា ព្រោះខ្ញុំ​បាន​ជួប​គ្រួសា​រខ្ញុំ​វិញ​។ »

ងាក​ទៅ​កាន់​ទីស្នាក់ការសមាគមន៍​អាដហុក​ឯណោះ​វិញ មន្ត្រី​សមាគម​អាដហុក​ទាំង​៤​រូប ​បាន​ជួប​ជុំ​អ្នក​ធ្វើ​ការ​ជាមួយ​​ខ្លួន​ និងបានធ្វើសន្និសិទកាសែត ដើម្បីថ្លែង​​អរគុណ​ទៅ​ដល់គ្រប់​ស្ថាប័នពាក់ព័ន្ធ ដែល​​តែងគាំទ្រ​ខ្លួន​តាំង​ពី​ដើម​រហូត​មក​ដល់ពេ​ល​នេះ។

មន្ត្រី​អាដហុក​ លោក យី សុខសាន្ត មានប្រសាសន៍ថា ​លោក​អរគុណ​ជា​ខ្លាំង​ចំពោះ​សារព័ត៌មាន​ អង្គការ​ សមា​គមន៍​ជាតិ​​អន្ត​រជាតិ អង្គទូតទាំងអស់​ និង​ប្រជាពលរដ្ឋ​ដែលនៅគាំទ្រ​ពួក​លោក​រហូតមក​ដល់ពេល​នេះ។ ​​លោក​ថា លោក​មាន​ក្តី​សង្ឃឹម​ពី​ការ​ដោះ​លែង​នេះ ហើយថានេះ ទំនងជាធ្វើឡើង​គឺ​បន្ទាប់​ពី​អគ្គរដ្ឋ​ទូ​តសហរដ្ឋ​អាមេរិក​បាន​ទៅ​ជួប​ជា​មួយ​នាយក​រដ្ឋ​មន្ត្រី​ដោយ​ផ្ទាល់​ក្នុង​សប្តាហ៍​នេះ។ លោក យី សុខសាន្ត ក៏បានស្នើ​ថា កុំ​ដោយ​សារ​នយោបាយរវាង​មនុស្ស​ពីរ​នាក់ ​ធ្វើ​ឲ្យ​មាន​ព​លរដ្ឋ​រងគ្រោះ និង​ចលាចល​នៅ​ទូ​ទាំង​ប្រទេស​នេះ​បន្ត​ទៀត។

លោក​ថា៖ «ល្ងាចមិញ ​ខ្ញុំ​គ្មាន​សង្ឃឹម​ថា ​ខ្ញុំ​មាន​សេរីភាព​ទេ ហើយ​មន្ត្រីពន្ធនាគារម្នាក់​គាត់​ប្រាប់ខ្ញុំ​ថា​ ពូគេ​ឲ្យ​ពូចេញ​ហើយ​តែ​ខ្ញុំ​មិន​ចង់ជឿ​រទេ ប៉ុន្តែ​នៅ​ពេល​ដែល​គេ​នាំ​ខ្ញុំ​ទៅ​ស្លៀកពាក់​ និង​ចេញ​មក ​ខ្ញុំ​ថា​អូន​គេ​ឲ្យ​ខ្ញុំ​មាន​សេរីភាព​ហើយ។…បន្ទាប់​ពី​ខ្ញុំ​ទទួល​ពត៌មាន​ថា​ ឯក​អគ្គរដ្ឋ​ទូ​ត​សហរដ្ឋ​អាមេរិក ទៅ​ជួប​ជា​មួយសម្តេច ថា​ប្រហែល​ជា​ឲ្យ​មានការ​បោះ​ឆ្នោត​​សេរីនឹង​យុត្តិ​ធម៌ លើកស្ទួយ​សិទ្ធិមនុស្ស​ ហើយ​មាន​ការ​ធ្វើ​ពាណិជ្ជកម្មរួមគ្នា​ ខ្ញុំគិត​ថា ​ប្រាកដ​ជាមាន​ចំណុចណា​មួយ​ដែល​អាច​នាំ​ឲ្យ​ជជែក​គ្នា​ឲ្យ​ខ្ញុំ​បាន​នៅ​ក្រៅ​ឃុំ»។

​ចំពោះ​លោក ណៃ​ វង់ដា មានប្រសាសន៍ថា ​លោកក៏​ស្ទើ​តែ​មិន​ជឿ​រថា ​លោក​អាច​មាន​សេរីភាពពេល​នេះ​ទេ ដោយលោកបដិសេធ​មិន​​និយាយ​អ្វី​បន្ថែម​ទេ ​ទាក់​ទង​នឹង​ការ​ដោះ​លែង​នៅពេល​នេះ​ទេ។

លោក​ថា៖ «ជារួម ​ខ្ញុំ​មាន​ការ​ត្រេក​អរ​ និង​ថ្លែង​អំណរគុណដល់​អ្នក​សារព័ត៌មាន​ទាំង​អស់ អង្គការ​សង្គម​ស៊ីវិល បងប្អូននិង​ប្រជា​ពល​រដ្ឋ ​ដែល​បាន​ទាម​ទារ​អត់​ឈប់​អត់​ឈរ​ដល់​ការ​ដោះលែង ហើយ​ក៏​សុំអរ​គុណ​ដល់​អ្នក​ដែល​បាន​ដោះ​លែង​ផង​ដែរ ដល់​រដ្ឋាភិបាល តុលាការ ព្រោះគាត់​យល់​ថា ​ពួក​យើង​អត់មាន​កំហុស​បាន​ដោះ​លែង។ … ខ្ញុំ​មិន​ចង់​និយាយអី​វែង​ឆ្ងាយ​ទៀត​ទេ ព្រោះ​ឥឡូវនេះ​ ជា​ពេល​វេលា​សប្បាយ​ជួប​ជុំ​បងប្អូន​ប្រពន្ធកូន រឿង​អ្វី​ផ្សេង​ទៀត​សុំ​មិន​ទាន់​និយាយ​ពេល​ហ្នឹង​ទេសុំ​អធ្យាស្រ័យ​​»។

ឯកមកលោកស្រី​ លឹម មុនី ឲ្យដឹងថាលោក​ស្រី​ មិន​នឹក​ស្មាន​ថា ​អ្វីដែល​លោក​ស្រី​ធ្វើ​ការ​តាម​វិជ្ជាជីវៈរបស់​ខ្លួន​នេះ ត្រូវបាន​រដ្ឋាភិបាល​ចាប់​យក​ទៅ​ដាក់​ពន្ធនាគារ​នោះ​ទេ តែ​ទោះ​ជា​យ៉ាង​ណា​ លោក​ស្រី​នៅ​តែ​មាន​សង្ឃឹម​ពី​សេរីភាព​ ថ្វីបើមិនទាន់មានការបង្ហាញពេលវេលាជាក់លាក់។​

លោកស្រី​ថា៖ «ខ្ញុំ​គិត​ថា​ ការងារ​ខ្ញុំ​ដែល​ជួយ​សង្គម បានច្រើនជា​ការ​ងារ​ដែល​ជួយ​ស្ត្រី​បាន​ច្រើន ហើយ​កន្លង​​មក​ដែល​ខ្ញុំ​ជាប់​ឃុំ ​ជាង​មួយ​ឆ្នាំ​នេះ ​ខ្ញុំ​តែ​តែ​គិត​ដល់​គាត់​គ្រប់ពេលវេលា ចំពោះ​ជន​រងគ្រោះ​ខ្លះ​ដែ​ល​ខ្ញុំ​មិន​ទាន់​ជួយ​ដល់គាត់​ខ្ញុំ​នៅ​តែ​គិត​ពី​គាត់ ហើយ​ខ្ញុំ​សង្ឃឹម​ថា ​ទង្វើររបស់ខ្ញុំនឹង​អាច​ជួយ​ឲ្យ​ខ្ញុំ​មាន​សេរីភាព​វិញ​​នៅពេលណាមួយ ហើយ​នៅពេលនេះ ក៏​ជា​លទ្ធផល​មួយ​តាម​ការំពឹង​ទុក ក៏ប៉ន្តែ​ទៅ​មុខទៀត​មិន​ដឹង​ជា​យ៉ាង​មិច! »។

អ្នកនាំពាក្យសមាគមអាដហុក លោក សំ ចាន់គា ថាលោកក៏មានការភ្ញាក់ផ្អើលដូចអ្នកដែលជាប់ឃុំទាំង៥នាក់នោះដែរ ដោយថា សមាគមព្យាយាមដាក់ពាក្យសុំឲ្យនៅក្រៅឃុំនេះចំនួន៥លើកពីមុន គឺត្រូវបានតុលាការបដិសេធជានិច្ច តែការដាក់ពាក្យនៅក្រៅឃុំលើកចុងក្រោយនេះ ត្រូវបានតុលាការយល់ព្រម។

លោកយល់ មានប្រសាសន៍ថា ការដោះលែងនេះ អាចមកពីតុលាការមើលឃើញពីការលំបាក និងសុខភាពរបស់អ្នកជាប់ឃុំទាំង៥នាក់។ បើតាមលោក សំ ចាន់គា រហូតមកដល់ពេលនេះ អ្នកទាំង៤នាក់ ត្រូវបានអនុញ្ញាតឲ្យសម្រាក និងតាមដានសុខភាពជាមុនសិន មុនអនុញ្ញាត្តិឲ្យចូលធ្វើការវិញ។

លោកថា៖ «យើងអត់ទាន់ច្បាស់ទេ ចាំមើលប្រជុំនៅគណៈគ្រប់គ្រង តើយើងមានលទ្ធភាពប៉ុណ្ណា យើងនឹងមើលពេទ្យខាងក្នុងស្រុកហ្នឹងថា មានលទ្ធភាពប៉ុណ្ណាដែល ប្រសិនជាត្រូវបញ្ជូនចេញព្យាបាលនៅខាងក្រៅយើងនឹងបញ្ជូនទៅក្រៅបាទ!…សុខភាពដែលខ្សោយជាងគេគឺលោក នី សុខា និងលោក យី សុខសាន្ត ឯលោក ណៃ វ៉ង់ដា ខ្សោយដែរ ជាក់ស្តែងពេលចេញសវនាការនៅតុលាការកំពូល លោកមិនអាចអង្គុយបានផង ប្រហែលជាចំណុចហ្នឹងហើយ ដែលតុលាការមើលឃើញនឹងឲ្យពួកគាត់ចេញក្រៅ»។

មន្ត្រីការពារសិទ្ធិមនុស្សសមាគមអាដហុក និង​អគ្គលេខាធិការ​រង​គ.ជ.ប ទាំង​៥នាក់​នោះ​ ត្រូវតុលាកា​រ​សម្រេច​ឃុំខ្លួន​បណ្តោះ​អាសន្ននៅ​ពន្ធនា​គារ​ព្រៃ​សជាងមួយឆ្នាំហើយ ដោយតុលាការចោទប្រកាន់ពីបទ «សូកប៉ាន់​សាក្សី» ទាក់ទិន​សំណុំ​រឿងដ៏​ចម្រោ​ង​ច​​ម្រាស់ជាមួយនឹងកញ្ញា ខុម ចាន់តារាទី ហៅ “ស្រីមុំ”។ ហើយបើតាមមេធាវីការពារក្តី តុលាការ ហាក់នៅមិនទាន់រកមិនឃើញភស្តុតាងគ្រប់គ្រាន់ ដើម្បីដាក់បន្ទុកនិងកាត់ទោសនៅឡើយ។

ក្រោយ​មាន​ការឃុំ​ខ្លួន​អ្នក​ទាំង​៥​ ស្ថាប័នជាតិនិង​អន្តរជាតិ​ជាច្រើន បាន​​ប្រតិកម្ម​និងទទូច​ឲ្យ​មាន​ការ​ដោះ​លែង​អ្នក​ទាំង​នោះ​នាក់​ជាបន្ទាន់ ដោយពួកគេ​ចាត់​ទុក​ថា ​ការ​បន្តឃុំ​ខ្លួននេះ ​ជាការ​រំលោភ​សិទ្ធិ​មនុស្សយ៉ាងធ្ងន់ធ្ងរ និង​ជាចេតនា​នយោបាយ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ