អំពើហិង្សានៅភាគខាងត្បូងហ្វីលីពីនបង្ខំមនុស្សជិត៤សែននាក់រត់គេចខ្លួន

ក្រុម​ឧទ្ទាម​ជ្រុល​និយម​ដែល​បាន​កាន់​​ទីក្រុង​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន បាន​បង្ខំ​ឲ្យ​ប្រជាជន​ជិត ៤​សែន​នាក់ រត់​គេច​ចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP ដោយ​បាន​ដក​ស្រង់​សម្ដី​មន្ត្រី​រដ្ឋាភិបាល​ហ្វីលីពីន ដែល​បាន​ព្រមាន​អំពី​ការ​ផ្ទុះ​ឡើង​នៃ​ជំងឺ និង​វិបត្តិ​ផ្លូវ​ចិត្ត​ក្នុង​ចំណោម​ជន​ភៀស​ខ្លួន។

ទីក្រុង​ម៉ារ៉ាវី ដែល​ជា​ទីក្រុង​មូស្លីម​ធំ​ជាង​គេ​នៅ​ហ្វីលីពីន បាន​ប្រែ​ក្លាយ​ទៅ​ជា​ទីក្រុង​ខ្មោច​ដ៏​ស្ងាត់​ជ្រងំ បន្ទាប់​ពី​ក្រុម​បះ​បោរ​យក​លំនាំ​តាម​ក្រុម​ភេរវកម្ម​រដ្ឋ​ឥស្លាម បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ទីក្រុង​នេះ កាល​ពី​ថ្ងៃ​ទី​២៣ ខែ​ឧសភា​កន្លង​មក​នេះ។

អស់​រយៈ​ពេល​ជាង ១​ខែ​មក​នេះ រដ្ឋាភិបាល​បាន​ដាក់​ពង្រាយ​យន្ត​ហោះ​ចម្បាំង ឧទ្ធម្ភាគចក្រ​ប្រយុទ្ធ និង​រថ​ពាស​ដែក ដើម្បី​កម្ទេច​ពួក​ឧទ្ទាម ដែល​ជា​សមាជិក​នៃ​ក្រុម​ម៉ូតេ។

ការ​ប្រយុទ្ធ​គ្នា​នេះ បាន​បណ្ដាល​ឲ្យ​មនុស្ស​ជាង ៤០០​នាក់​ស្លាប់ ខណៈ​ដែល​ក្រុម​សកម្ម​ប្រយុទ្ធ​នៅ​តែ​គ្រប់​គ្រង​ផ្នែក​ខ្លះ​នៃ​ទីក្រុង​នេះ ដោយ​ប្រើ​ប្រាស់​កាំភ្លើង​ស៊ីប និង​សព្វាវុធ​ទំនើបៗ សម្រាប់​ទប់​ទល់​នឹង​ការ​រុល​ទៅ​មុខ​របស់​កង​ទ័ព​រដ្ឋាភិបាល។

នាយកការពារ​ជនស៊ីវិលប្រចាំ​តំបន់ លោក Liza Mazo បា​ន​និយាយ​ថា នេះ​មិន​ត្រឹម​តែ​ពលរដ្ឋ​រស់​នៅ​ក្នុង​ទីក្រុង​ប៉ុណ្ណោះ​ទេ​ដែល​ចាក​ចេញ ប៉ុន្តែ ពលរដ្ឋ​ដែល​រស់​នៅ​ជុំ​វិញ​ទីនោះ ក៏​បាន​រត់​គេច​ចេញ​ផងដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ