រដ្ឋាភិបាលយោធាថៃ បានសម្រេចកែសម្រួលការអនុវត្តបទប្បញ្ញត្តិក្នុងការគ្រប់គ្រងពលករបរទេសហើយ ដោយផ្អាកការចាប់បញ្ជូនចេញជាបណ្ដោះអាសន្ន។ នេះដោយយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក និងការផ្សាយរបស់សារព័ត៌មានថៃ។
ពលករខ្មែរក្នុងចំនួនដ៏ច្រើន បានគេចខ្លួន ឬត្រូវបានតម្រួតថៃចាប់បញ្ជូនត្រឡប់មកប្រទេសកំណើតវិញនៅក្នុងសប្ដាហ៍នេះ ដែលជាផ្នែកមួយនៃការប៉ុនប៉ងរបស់អាជ្ញាធរថៃដើម្បីគ្រប់គ្រងពលករបរទេសខុសច្បាប់។
ប៉ុន្តែ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បាននិយាយក្នុងសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃម្សិលមិញនេះថា រដ្ឋាភិបាលថៃបានសម្រេចផ្អាកការអនុវត្តមាត្រាមួយចំនួនហើយ។
ស្ថានទូតកម្ពុជាបានអំពាវនាវទៅពលករខ្មែរនៅក្នុងប្រទេសថៃ ឲ្យរក្សាភាពស្ងប់ស្ងាត់ ខណៈដែលក្រសួងការងារកម្ពុជាកំពុងជជែកអំពីបញ្ហានេះជាមួយភាគីថៃ។
បើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP បានឲ្យដឹងថា ពលករខ្មែរជិត ២ពាន់នាក់ហើយ បានគេចខ្លួន ឬត្រូវបានតម្រួតថៃចាប់បញ្ជូនត្រឡប់មកវិញ នៅត្រង់ច្រកព្រំដែនប៉ោយប៉ែត៕