កងទ័ពជើងទឹកអាមេរិក និងហ្វីលីពីនធ្វើសមយុទ្ធរួមគ្នាក្នុងដែនទឹកដ៏គ្រោះថ្នាក់

នាវា​ចម្បាំង​អាមេរិក និង​ហ្វីលីពីន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​ធ្វើ​សមយុទ្ធ​ល្បាត​រួម​គ្នា​មួយ​នៅ​ក្នុង​ដែន​ទឹក​ស្ថិត​នៅ​ភាគ​ខាង​ត្បូង ជា​ទី​ដែល​គេ​ស្គាល់​ថា ជា​មូលដ្ឋាន​របស់​ពួក​បះបោរ​មូស្លីម ចំ​ពេល​ដែល​មាន​ក្ដី​កង្វល់​កាន់​តែ​ខ្លាំង​ជុំ​វិញ​ឥទ្ធិពល​របស់​ពួក​ឥស្លាម​ជ្រុល​និយម និង​ចោរ​សមុទ្រ​នៅ​តំបន់​នោះ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ដោយ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​ហ្វីលីពីន AFP បាន​រាយការណ៍​បន្ត​ថា នាវា​ចម្បាំង​នៃ​កង​ទ័ព​ជើង​ទឹកអាមេរិក និង​នាវា​ចម្បាំង​នៃ​កង​ទ័ព​ជើង​ទឹក​ហ្វីលីពីន​បាន​ធ្វើ​ប្រតិបត្តិការ​ល្បាត​រួម​គ្នា​នៅ​សមុទ្រ​ស៊ូលូ ជា​ដែន​ទឹក​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​ហ្វីលីពីន និង​ជា​ទី​ដែល​ពួក​បះបោរ​ធ្វើ​ប្រតិបត្តិការ​ចាប់​ជំរិត​មនុស្ស។

ក្រុម​អាប៊ូសាយយ៉ាហ្វ ដែល​ជា​ក្រុម​ជ្រុល​និយម​​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​បំផុត​នៃ​ប្រទេស​ហ្វីលីពីន តែង​តែ​ចាប់​ជំរិត​មនុស្ស​តាម​នាវា​នៅ​សមុទ្រ​ស៊ូលូ​នៅ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ថ្មីៗ​នេះ ហើយ​ជួន​កាល​ ពួកគេ​បាន​កាត់​ក្បាល​ចំណាប់​ខ្មាំង​ទៀត​ផង នៅ​ពេល​ពួកគេ​មិន​ទទួល​បាន​លុយ​កាក់​នោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ