អារ៉ាប៊ីសាអ៊ូឌីត​និង​សម្ព័ន្ធ​ទុក​ពេល​២​ថ្ងៃ​ទៀត​ឲ្យ​កាតា​ទទួល​យក​ការ​ទាមទារ

ប្រទេស​អារ៉ាប់​ចំនួន ៤ ដែល​បាន​ចោទ​ប្រទេស​កាតា​ថា​បាន​គាំ​ទ្រ​ចលនា​ភេរវកម្ម​នោះ បាន​ឯកភាព​គ្នា​បន្ត​ដាក់​ទណ្ឌកម្ម​ទៅ​លើ​ប្រទេស​កាតា​រហូត​ដល់​យប់​ថ្ងៃ​អង្គារ​នេះ ដែល​ជា​​ឱសាន​វាទ​សម្រាប់​រដ្ឋាភិបាល​ក្រុង​ដូហា ឲ្យ​អនុវត្ត​តាម​ការ​ទាមទារ ខណៈ​ដែល​ប្រធានាធិបតី​អាមេរិក លោក ដូណាល់ ត្រាំ បាន​បញ្ចេញ​សំឡេង​ព្រួយ​បារម្ភ​អំពី​ជម្លោះ​នេះ​ទៅ​ដល់​ភាគី​ទាំង​ពីរ។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ចំណែក​ឯ​ប្រទេស​កាតា​វិញ បាន​ចាត់​ទុក​ការ​ចោទ​ប្រកាន់​នេះ​ថា គ្មាន​មូលដ្ឋាន និង​ថា ការ​ទាម​ទារ​របស់​ពួកគេ មាន​លក្ខណៈ​ធ្ងន់ធ្ងរ ដែល​ពួកគេ​រៀបចំ​ឡើង​សម្រាប់​ឲ្យ​កាតា​ច្រាន​ចោល​តែ​ម្ដង។

ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត បារ៉ែន អេហ្ស៊ីប និង​អារ៉ាប់រួម បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ប្រឆាំង​នឹង​ប្រទេស​កាតា ប្រសិន​បើ​ប្រទេស​នេះ​មិន​អនុវត្ត​ទៅ​តាម​ការទាមទារ ១៣​ចំណុច ដែល​ត្រូវ​បង្ហាញ​ទៅ​រដ្ឋាភិបាល​ក្រុង​ដូហា តាម​រយៈ​ប្រទេស​គុយវែត ដែល​ជា​អ្នក​ដើរ​តួ​ជា​អ្នក​សម្រប​សម្រួល។

យោង​តាម​សេចក្ដី​ប្រកាស​រួម​នៅ​លើ​ទីភ្នាក់ងារ​ព័ត៌មាន​អារ៉ាប៊ីសាអ៊ូឌី ប្រទេស​ទាំង​បួន​នេះ បាន​ឯកភាព​ទៅ​នឹង​សំណើ​មួយ​ធ្វើ​ឡើង​ដោយ​ប្រទេស​គុយវែត ដើម្បី​​បន្ត​ឱសានវាទ ៤៨​ម៉ោង​បន្ថែម​ទៀត។

ប្រទេសទាំង​នោះ​មិន​បាន​បញ្ជាក់​​ថា តើ​ពួកគេ​នឹង​ដាក់​ទណ្ឌកម្ម​បែប​ណា​បន្ថែម​ទៀត​ទៅ​លើ​ទីក្រុង​ដូហា​ទេ ប៉ុន្តែ ក្រុម​ធនាគារ​ពាណិជ្ជកម្ម​នៅ​ក្នុង​តំបន់​ជឿ​ថា ធនាគារ​នៅ​អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និង​បារែន អាច​ទទួល​បាន​សេចក្ដី​ណែនាំ​ផ្លូវការ​ឲ្យ​ដក​ប្រាក់​បញ្ញើ និង​ប្រាក់​កម្ចី​ទាំង​អស់​ចេញ​ពី​ប្រទេស​កាតា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ