ធនាគារពិភពលោកបានតែងតាំង ប្រធានថ្មីម្នាក់សម្រាប់គ្រប់គ្រងនៅក្នុងប្រទេសចំនួនបីគឺប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា ដើម្បីបំពេញតួនាទី សម្រាប់ពង្រឹងភាពជាដៃគូជាមួយនឹងប្រទេសជាអតិថិជន។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ធនាគារពិភពលោក ចេញផ្សាយពីរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក កាលពីថ្ងៃទី៣ខែកក្កដា បានឲ្យដឹងថា នាយិកាថ្មីប្រចាំប្រទេសបីនេះគឺលោកស្រី អេឡែន ហ្គោលស្ទីន ដែលធ្លាប់បានបំពេញការងារជាមួយធនាគារពិភពលោកជាង៣០ឆ្នាំ។
លោកស្រី អេឡែន ហ្គោលស្ទីន មានឯកទេសក្នុងការងារភាពជាអ្នកដឹកនាំចំរុះបែបនិងការគ្រប់គ្រងនិងត្រួតពិនិត្យ ហើយនាពេលថ្មីៗនេះ លោកស្រីកាន់តំណែងជានាយិកាប្រចាំប្រទេសនៅបាល់កានខាងលិចក្នុងតំបន់អឺរ៉ុបនិងអាស៊ីកណ្តាលដែលមានស្នាក់ការនៅ វីអេណា។ មុននឹងកាន់តួនាទីនៅតំបន់អឺរ៉ុប លោកស្រី ហ្គោលស្ទីន បានកាន់តួនាទីជានាយិកាប្រចាំប្រទេសបង់ក្លាដេសនិងនេប៉ាល់ ដែលប្រចាំទីក្រុងដាក់កា។
ធនាគារពិភពលោក កំពុងគាំទ្រគម្រោងសកម្មចំនួន៤៣នៅក្នុងប្រទេសទាំងបីនេះ ដែលមានទឹកប្រាក់ជាង ២,៧ពាន់លានដុល្លារអាមេរិក គិតត្រឹមខែមិថុនា ឆ្នាំ២០១៧៕