ទីប្រឹក្សាបក្សប្រឆាំង ថាចង់ឃើញមានការប្តូរមេដឹកនាំដែលចូលចិត្តប្រើហិង្សា

អតីតឧត្តមទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក គង់ គាំ

ទីប្រឹក្សាជាន់ខ្ពស់គណបក្សប្រឆាំងលើកឡើងថា កម្ពុជាគួរប្ដូរមេដឹកនាំចាស់ដែលចូលចិត្តប្រើហិង្សាចោល ហើយដាក់ជំនួសវិញដោយមេដឹកនាំមានសមត្ថភាព ដែលលោកថាអាចកសាងប្រទេសឲ្យមានការអភិវឌ្ឍមួយពិតប្រាកដ។

​ក្នុងពិធីរំឮកខួប២០ឆ្នាំនៃព្រឹត្តិការណ៍ប៉ះទង្គិចគ្នាកាលពីថ្ងៃទី៥-៦ កក្កដា ឆ្នាំ១៩៩៧ ម្សិលមិញ ទីប្រឹក្សាជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក គង់ គាំ លើកឡើងថា អ្វីដែលបានកើតឡើងកាលពីថ្ងៃទី៥-៦ កក្កដា ១៩៩៧ គឺជាការដណ្តើមអំណាចគ្នារវាងអ្នកនយោបាយ រហូតឈានដល់មានការផ្ទុះអាវុធដាក់គ្នារវាងខ្មែរនិងខ្មែរ។

លោក គង់ គាំ ឲ្យដឹងទៀតថា វប្បធម៌បង្ហូរឈាមគ្នា ដើម្បីដណ្ដើមអំណាចគួរតែបញ្ចប់ហើយ ដោយថា អ្នកនយោបាយខ្មែរត្រូវគោរពឆន្ទៈពលរដ្ឋ តាមរយៈការបោះឆ្នោតដោយសេរីនិងយុត្តិធម៌ និងការប្រកាន់យកវប្បធម៌អហិង្សា។ លោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរបោះឆ្នោត ដូរមេដឹកនាំដែលចូលចិត្តប្រើហិង្សា និងដូរសារព្រមានតែពីរឿងសង្គ្រាមចោល ហើយដាក់មេដឹកនាំ ដែលមានសមត្ថភាព និងអាចអភិវឌ្ឍជាតិពិតប្រាកដជំនួសវិញ។

លោកមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋចង់បានសន្ដិភាពមែនទែន ចង់បានអហិង្សាមែន ចង់បានបម្រើការពារ កសាងប្រជាពលរដ្ឋ ហើយនិងមាតុភូមិ កម្ពុជាឲ្យបានស្រុះស្រួលជាមួយគ្នា មែនទែន ប៉ុន្ដែមិនទាន់បាន […]សូមថា កុំឲ្យមានសង្គ្រាមអី អ្នកចាញ់ អ្នកមិនពេញចិត្ត រវល់តែធ្វើសង្គ្រាមអញ្ចឹង ដូរអ្នកតស៊ូធ្លាប់ធ្វើសង្គ្រាមចោលទៅ ដាក់អ្នករងគ្រោះម្ដង។ ដូរអ្នកដឹកនាំកសាងយូរហ្នឹង ខ្ទេចអាលីងហ្នឹង ស្ទើរអាលាយហ្នឹងចោលទៅ យកអ្នកកសាងថ្មី» ។

ករណីនេះ វីអូឌី មិនអាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបាននៅឡើយទេ។

ប៉ុន្តែក្នុងពិធីចែកសញ្ញាបត្រមួយកាលពេលកន្លងទៅ លោកនាយករដ្ឋមន្ដ្រី​ ហ៊ុន សែន ថ្លែងថា លោកមិនព្រមចុះចេញពីតំណែងទេ ដរាបណាប្រជាពលរដ្ឋនៅតែបោះឆ្នោតគាំទ្រលោកជានាយករដ្ឋមន្ដ្រី។ លោកអះអាងថា រដ្ឋាភិបាលរបស់លោកកើតចេញពីឆន្ទៈរបស់ពលរដ្ឋ មិនមែនកើតចេញដោយឯកឯង ឬដោយការលួចបន្លំនោះឡើយ។

លោកមានប្រសាសន៍ថា៖ «អញ្ចឹងដាក់សំណួរហើយថា លោក ហ៊ុន សែន ឯងប៉ុន្មានអាណត្តិហើយ ម៉េចក៏មិនព្រមទៅណា? អាហ្នឹង គឺករណីទាក់ទងជាមួយនឹងការបោះឆ្នោត បើប្រជាពលរដ្ឋនៅត្រូវការខ្ញុំ! ខ្ញុំនៅតែធ្វើធ្វើអីខ្ញុំ»។

លោក​ ហ៊ុន សែន ក៏ធ្លាប់បានព្រមានជាញឹកញាប់ថា កម្ពុជានឹងផ្ទុះសង្គ្រាម បើសិនជាគណបក្សលោកចាញ់ឆ្នោត។ លោកក៏ព្រមានដែរថា គ្មាននោះទេ ការផ្ទេរអំណាចទៅឲ្យគណបក្សប្រឆាំង ហើយមានតែការផ្ទេរអំណាចបន្ដទៅកូនចៅរបស់គណបក្សប្រជាជន។

ចំពោះសាស្ដ្រាចារ្យនយោបាយលោក សូរ ចន្ថា យល់ថា នេះគ្រាន់ជាសារនយោបាយរបស់គណបក្ស ដែលប្រកួតប្រជែងគ្នា ប៉ុន្ដែលោកថា មេដឹកនាំខ្មែរគួរស្ដាប់សំឡេងពលរដ្ឋ ដែលសំដែងឡើងតាមរយៈការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវ។ លោកក៏សង្ឃឹមថា កម្ពុជានឹងមានការផ្លាស់ប្ដូរវិជ្ជមាន និងការអភិវឌ្ឍពិតប្រាកដនៅថ្ងៃមុខ៕

កញ្ញា ថាញ់ ចន្ទសុធារី 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ