អង្គការឃ្លាំមើលសិទិ្ធមនុស្ស (Human Rights Watch) បាននិយាយថា រដ្ឋាភិបាលកម្ពុជាគួរតែលុបចោលបទបញ្ជា ថ្មីៗរបស់ខ្លួន ដោយថាវាបានរឹតត្បិតលើក្រុមឃ្លាំមើលការបោះឆ្នោតឯករាជ្យ។
ប្រតិកម្មរបស់អង្គការនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន បញ្ជាឲ្យក្រសួងមហាផ្ទៃចាត់វិធានការលើ «បន្ទប់ស្ថានការណ៍» ដែលជាបណ្តុំអង្គការឃ្លាំមើលការបោះឆ្នោត។
សេចក្តីប្រកាសព័ត៌មានពីទីក្រុងបាងកក កាលពីយប់ថ្ងៃទី៩ កក្កដា ២០១៧ អង្គការឃ្លាំមើលសិទិ្ធមនុស្សបាននិយាយថា ការហាមឃាត់ការឃ្លាំមើលការបោះឆ្នោតរួមគ្នានៃក្រុមអង្គការសង្គមស៊ីវិលចំនួន៤០ គឺរំលោភលើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងការចូលរួមរបស់សមាគមនៅក្រោមច្បាប់សិទ្ធិមនុស្សអន្តរជាតិ។
លោក Phil Robertson នាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស ប្រចាំនៅតំបន់អាស៊ី បានមានប្រសាសន៍ថា “រដ្ឋាភិបាលកម្ពុជាហាក់ដូចជាមានបំណងដកចេញនូវបញ្ហាប្រឈមនានាចំពោះការគ្រប់គ្រងនយោបាយរបស់ខ្លួនហើយជាក់ស្តែងមិនចង់បានសាក្សីណាមួយនោះទេ”។
លោកបន្តថា “ម្ចាស់ជំនួយរបស់ប្រទេសកម្ពុជា គួរតែអំពាវនាវឱ្យរដ្ឋាភិបាលលុបចោលបទបញ្ជាទាំងនេះ ហើយធានាឱ្យមានការឃ្លាំមើលឯករាជ្យនៃការបោះឆ្នោតឆ្នាំ២០១៨”។
អ្នកនាំពាក្យក្រសួងមហាផៃ្ទ លោក ខៀវ សុភ័គ មានប្រសាសន៍ប្រាប់VOD នៅថៃ្ងអង្គារនេះថា អង្គការឃ្លាំមើលសិទិ្ធមនុស្សមិនដែលមើលមកកម្ពុជាល្អទេ ហើយថា កម្ពុជាមិនត្រូវការការជួយរបស់អង្គការនេះទេ «ខ្ញុំគិតថាអ្វីដែលគាត់បានអំពាវនាវនេះ គឺអំពាវនាវក្នុងន័យ មិនចង់ឲ្យកម្ពុជាឈានឡើងទេ ហើយចង់ឲ្យកម្ពុជាត្រូវតែផ្លាស់ប្តូរនូវគណបក្សនយោបាយនៃការគ្រប់គ្រងបណ្តាញ។ អញ្ចឹងខ្ញុំមិនចាត់ទុកថា ជាការអំពាវនាវមានសេចក្តីថ្លៃថ្នូរ ឬត្រឹមត្រូវនិងយុត្តិធម៌ទេ»។
លោកបញ្ជាក់បន្ថែមថា ដាច់ខាតគឺមិនឲ្យមានបន្ទប់ស្ថានការណ៍នៅឆ្នាំ២០១៨ទៀតទេ។
បន្ទប់ស្ថានការណ៍ ដែលជាបណ្តុំអង្គការសង្គមស៊ីវិលចំនួន៤០ បានដាក់អ្នកសង្កេតការណ៍ប្រហែលមួយម៉ឺននាក់ ឃ្លាំមើលដំណើការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីថ្ងៃទី៤ខែមិថុនា។ បន្ទប់ស្ថានការណ៍បានវាយតម្លៃដំណើការបោះឆ្នោតនេះថា បានប្រព្រឹត្តិទៅដោយសន្តិវិធី ល្អជាងការបោះឆ្នោតលើកមុនៗ តែស្នើឲ្យកែលម្អចំណុចខ្វះខាតមួយចំនួនដូចជា ការគំរាមកំហែងមុនបោះឆ្នោត ការទិញទឹកចិត្តអ្នកបោះឆ្នោត និងការធ្វើទុក្ខបុកម្នេញលើសកម្មជនគណបក្សប្រឆាំងជាដើម។
ប៉ុន្តែលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឱ្យមានការស៊ើបអង្កេតចំពោះ«បន្ទប់ស្ថានការណ៍»នេះកាលពីថ្ងៃប្រារព្ធខួបលើកទី ៦៦ របស់គណបក្សប្រជាជនកម្ពុជា។ បន្ទាប់មកក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៤កក្កដា បានប្រាប់ទៅសមាជិកបន្ទប់ស្ថានការណ៍ ថាបណ្តុំអង្គការទាំងនេះ អនុវត្តផ្ទុយទៅនឹងបទប្បញ្ញត្តិនៃច្បាប់ស្តីពីសមាគមនិងអង្គការមិនមែនរដ្ឋាភិបាល។ ក្រសួងមហាផ្ទៃបានចាត់ទុកសេចក្តីថ្លៃងការណ៍របស់បន្ទប់ស្ថានការណ៍នាពេលកន្លងមក ថាមិនមានតម្លៃគតិយុត្តិ និងមិនឆ្លុះបញ្ចាំងពីអព្យាក្រឹត្យភាព ដូចមានចែងក្នុងមាត្រា២៤ នៃច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល។
ប៉ុន្តែសមាជិក «បន្ទប់ស្ថានការណ៍» បញ្ជាក់ថា បន្ទប់ស្ថានការណ៍គឺជាការប្រមូលផ្ដុំនៃក្រុមអង្គការសង្គមស៊ីវិល ដែលតែងប្រកាន់យកគោលការណ៍អព្យាក្រឹត្យនិងមិនលម្អៀងទៅរកគណបក្សនយោបាយណាមួយទេ៕