រដ្ឋបាលខេត្តសៀមរាបបកស្រាយថា ការផ្តាស់ប្តូរតួនាទីស្នងការនគរបាលខេត្តនេះគឺដើម្បីពង្រឹងប្រសិទ្ធភាពការងារក្នុងការថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ហើយថា ស្នងការថ្មីនោះមិនជាប់សាច់ញាតិរបស់អភិបាលខេត្តនោះទេ។
កាលពីថ្ងៃទី១០ខែកក្កដា មានការផ្លាស់ប្តូរតួនាទីថ្នាក់ដឹកនាំនគរបាលនៅក្នុងខេត្តសៀមរាបគឺ លោក ហ៊ូ វ៉ាន់នីផ្ទេរពីស្នងការទៅ អនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍ ក្រសួងមហាផ្ទៃ ចំណែកលោក លោក ទិត្យ ណារ៉ុន អធិការនគរបាលក្រុង ត្រូវតែងតាំងជាស្នងការនគរបាលខេត្តជំនួសវិញ។
ក្រោយការផ្តាស់ប្តូរតួនាទីនេះ មានគេហទំព័រ និង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមួយចំនួនបានចេញការរិះគន់ថា អ្នកឡើងកាន់តំណែងថ្មីដោយសារមានខ្សែធំ ជាសាច់ញាតិ លោក ឃឹម ប៉ុនសុង អភិបាលខេត្តនេះ ឬថាដូរអ្នកធ្វើការល្អទៅអ្នកធ្វើការមិនកើតជាដើម។
អ្នករិះគន់ទាំងនោះបាននិយាយថា លោក ហ៊ូ វ៉ាន់នី ដែលត្រូវបានគេផ្លាស់ប្តូរតំណែងជា ស្នងការក្រុង ក្រោយពីបានបំពេញការងារបានប្រមាណពីរខែ នេះជាអ្នកធ្វើការល្អ មានស្នាដៃ និងបានបង្ក្រាបល្បែងស៊ីសង គ្រឿងញៀន ហើយទទួលបានការទុកចិត្តពីប្រជាជននៅសៀមរាបផង។ ដោយឡែក គេថា លោក ទិត្យ ណារ៉ុង ជាធ្លាប់ត្រូវលោក ស ខេង ដាក់ពិន័យរឿងមិនប្រក្រតីដឹកនាំការងារជំនាញរដ្ឋបាលនិងរឿងអាស្រូវអំពើពុករលួយផ្សេងទៀត
ឆ្លើយតបទៅនឹងការរិះគន់ទាំងឡាយ រដ្ឋបាលខេត្តសៀមរាបបានចេញបកស្រាយនៅថ្ងៃទី ១០ ខែកក្កដា ថា ការតែងតាំងស្នងការថ្មី ក៏ដូចជាការផ្លាស់ប្តូរតំណែង គឺជាការសំរេចរបស់អគ្គស្នងការនគរបាលជាតិ និង ក្រសួងមហាផ្ទៃ ហើយថា លោក ទិត្យ ណារ៉ុន មិនជាប់ខ្សែស្រឡាយ លោកអភិបាលខេត្តសៀមរាបឡើយ៕