ជប៉ុន​ជំទាស់​នឹង​កូរ៉េ​ខាង​ត្បូង​ជុំ​វិញ​ផែនការ​ចុះ​បញ្ជីស្ត្រី​រង​គ្រោះ​សម័យ​សង្គ្រាម

ប្រទេស​ជប៉ុន បាន​ផ្ញើ​កំណត់​ហេតុ​កាទូត​តវ៉ា​ទៅ​កូរ៉េ​ខាង​ត្បូង ជុំ​វិញ​ការ​ការគាំ​ទ្រ​របស់​កូរ៉េ​ខាង​ត្បូង​ទៅ​ការ​គម្រោង​ចុះ​បញ្ជី​ឯកសារ​នៅ​អង្គការ​សហ​ប្រជាជាតិ ពាក់​ព័ន្ធ​នឹង​ស្ត្រី ដែល​ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសករ​ផ្លូវ​ភេទ​បម្រើ​ទាហាន​ជប៉ុន អំឡុងសង្គ្រាម​លោក​លើក​ទី២។ នេះ​ដោយ​យោង​តាម​ការ​ចុះផ្សាយ​របស់ទីភ្នាក់ងារ​ព័ត៌មាន AFP។

ប្រតិកម្ម​របស់​ក្រុង​តូក្យូ​នេះ បាន​កើត​ឡើង​ក្រោយ​រដ្ឋ​មន្ត្រី​ក្រសួង​សមភាព​យេនឌ័រ​កូរ៉េ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ចន្ទ​កន្លង​មក​នេះ បាន​បង្ហាញ​ជំហរ​គាំ​ទ្រ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ការ​ដាក់​បញ្ចូល​ឯកសារ​នានា ទៅ​ក្នុង​បញ្ជី “ការ​ចង​ចាំ​ពិភព​លោក” របស់​អង្គការ​យូណេស្កូ។

រដ្ឋ​មន្ត្រី​ការបរទេស​ជប៉ុន លោក ហ៊្វូមីអូ គីហ្ស៊ីដា បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា ការ​គាំ​ទ្រ​ការ​ដាក់​បញ្ចូល​ឯកសារ​នេះ អាច​ប្រឆាំង​ទៅ​នឹង​បេសកកម្ម​ និង​គោល​បំណង​ដើម​នៃ​ការ​បង្កើត​អង្គការ​យូណេស្កូ ដែល​ជំរុញ​ឲ្យ​មាន​មិត្តភាព និង​ការ​យោគ​យល់​គ្នា​ក្នុង​ចំណោម​ប្រទេស​ជា​សមាជិក។

ក្រៅ​ពី​ចុះ​បញ្ជី​ឯកសារ​ទាំង​នេះ រដ្ឋ​មន្ត្រី​សមភាព​យេនឌ័រ​កូរ៉េ​ខាង​ត្បូង អ្នកស្រី ជុង យ៉ុនបេក ក៏​បាន​ជំរុញ​ការ​កសាង​សារមន្ទីរ​សម្រាប់​ជា​ការ​ចង​ចាំ​ដល់​ស្ត្រី​ទាំង​នោះ​ផង​ដែរ។

ស្ថានភាព​ស្ត្រី​នា​ពេល​នោះ គឺ​ជា​បញ្ហា​ប៉ះ​ពាល់​អារម្មណ៍​ធំ​ធេង ដែល​លង់​បន្លាច​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ពីរ​អស់​ជាច្រើន​ទសវត្សរ៍​មក​ហើយ ដែល​ប្រទេស​ទាំង​ពីរ​នេះ​សុទ្ធ​តែ​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក។

ក្រុម​អ្នក​ប្រវត្តិសាស្ត្រ បាន​និយាយ​ថា ស្ត្រី​ដល់​ទៅ ២​សែន​នាក់ ត្រូវ​បាន​បង្ខំ​ឲ្យ​ធ្វើការ​ក្នុង​ផ្ទះ​បន​ទាហាន​នៅ​ទូទាំង​តំបន់​អំឡុង​ពេល​សង្គ្រាម។ ស្ត្រី​ភាគ​ច្រើន​មក​ពី​កូរ៉េ ប៉ុន្តែ ក៏​មាន​មក​ពី​ប្រទេសផ្សេង​ទៀត​នៅ​តំបន់​អាស៊ី ​ដូច​ជា ចិន ​ជាដើម៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ