ថៃ​អនុម័ត​ថវិកា​៥.២​ពាន់​លាន​ដុល្លារ​សម្រាប់​សាង​សង់​រថភ្លើង​ល្បឿន​លឿន​ភ្ជាប់​ទៅ​ចិន

រដ្ឋាភិបាល​យោធា​ថៃ កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ បាន​អនុម័ត​កញ្ចប់​ទឹក​ប្រាក់ ៥.២​ពាន់​លាន​ដុល្លារ ដើម្បី​កសាង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​មួយ ដែល​នឹង​ភ្ជាប់​ទីក្រុង​បាងកក ទៅ​នឹង​ភាគ​ខាង​ត្បូង​ប្រទេស​ចិន ដែល​ជា​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដ៏​ធំ​មួយ​ជាមួយ​ក្រុង​ប៉េកាំង ដែល​ត្រូវ​បាន​ពន្យា​ពេល។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

គម្រោង​ផ្លូវ​រថភ្លើង​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​ផ្លូវ​រថភ្លើង​ដ៏​ធំ​ប្រចាំ​តំបន់​របស់​ចិន ដើម្បី​កសាង​បណ្ដាញ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ភ្ជាប់​ទីក្រុង​គួនមីង នៅ​ភាគ​ខាង​ត្បូង ទៅ​នឹង​ប្រទេស​ឡាវ ថៃ ម៉ាឡេស៊ី និង​សិង្ហបុរី។

ការ​សាង​សង់ បាន​ចាប់​ផ្ដើម​រួច​រាល់ហើយ​នៅ​ក្នុង​ប្រទេស​ឡាវ ប៉ុន្តែ ខ្សែ​រថភ្លើង​នៅ​ក្នុង​ប្រទេស​ថៃ បាន​រាំង​ស្ទះ​ប៉ុន្មាន​ឆ្នាំ​មក​ហើយដោយសារ​តែ​បញ្ហា​ហិរញ្ញវត្ថុ លក្ខខណ្ឌ​កម្ចី និង​បទ​ប្បញ្ញត្តិ​ពលកម្ម​នៅ​ក្នុង​ប្រទេស​ថៃ។

ការ​អនុម័ត​កញ្ចប់​ថវិកា​ពី​គណៈរដ្ឋ​មន្ត្រី​ថៃ បាន​កើត​ឡើង​បន្ទាប់​ពី​នាយករដ្ឋ​មន្ត្រី ប្រាយុទ្ធ ចាន់អូចា បាន​សម្រេច​កាល​ពី​ខែ​មុន ដើម្បី​ត្រួស​ត្រាយ​បញ្ហា​ផ្លូវ​ច្បាប់ និង​បច្ចេកទេស​សម្រាប់​ទម្លុះ​ទម្លាយ​កិច្ច​ព្រម​ព្រៀង​នេះ។

អនុ​ប្រធាន​ខុទ្ទកាល័យ​នាយករដ្ឋ​មន្ត្រី លោក កូបសាក់ ផុត្រាកុល បាន​និយាយ​ថា គណៈរដ្ឋ​មន្ត្រី​បាន​អនុម័ត​ផែនការ​មួយ​នៃ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន ពី​បាងកក ទៅ​កូរ៉ាត់ ជាមួយ​កញ្ចប់​ទឹក​ប្រាក់​ ១៧៩​ពាន់​លាន​បាត (៥.២​ពាន់​លាន​ដុល្លារ) សម្រាប់​ផែនការ ៤​ឆ្នាំ។

ដំណាក់​កាល​ដំបូង​នៃ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ចម្ងាយ ២៥០​គីឡូម៉ែត្រ នឹង​ត្រូវ​កសាង​ពី​ទីក្រុង​បាងកក ទៅ​ខេត្ត​នគរាជសីមា ស្ថិត​នៅ​ភាគ​ឦសាន​ប្រទេស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ