កូរ៉េខាងត្បូងបានស្នើឲ្យមានជំនួបខាងយោធាជាមួយកូរ៉េខាងជើង ដែលនេះគឺជាជំនួបលើកដំបូងគិតចាប់តាំងពីឆ្នាំ២០១៥មក និងក៏ជាមធ្យោបាយសម្រាប់ទប់ស្កាត់សកម្មភាពអរិភាពនៅជិតព្រំដែនប្រទេសទាំងពីរផងដែរ។ នេះដោយយោងតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលបានដកស្រង់សម្ដីអនុរដ្ឋមន្ត្រីការពារកូរ៉េខាងត្បូង នៅថ្ងៃនេះ។
គម្រោងជំនួបនេះ ត្រូវបានស្នើឡើង បន្ទាប់ពីកូរ៉េខាងជើងបានបាញ់សាកល្បងគ្រាប់មីស៊ីលជាច្រើនលើករួចមកហើយ នៅក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ។
អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូង លោក ស៊ូ ឆូសូក បានថ្លែងក្នុងសន្នីសីទសារព័ត៌មានដ៏ខ្លីមួយថា ក្រសួងបានស្នើឲ្យមានជំនួបពិភាក្សាខាងយោធាជាមួយកូរ៉េខាងជើងនៅថ្ងៃទី២១ ខែកក្កដា នៅតុងហ្គីងហ្កាក ដើម្បីបញ្ឈប់សកម្មភាពអរិភាពទាំងអស់ ដែលបង្កឲ្យមានភាពតានតឹងខាងយោធា នៅតាមបន្ទាត់ព្រំដែនគ្មានកងទ័ព។
តុងហ្គីងហ្កាក គឺជាអគាររបស់កូរ៉េខាងជើង ស្ថិតនៅតំបន់ផានម៉ុនជុម ដែលត្រូវបានប្រើប្រាស់សម្រាប់ជំនួបនានាកាលពីមុន។
សំណើជំនួបនេះបានកើតឡើងតែមួយសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បាននិយាយថា តម្រូវការជំនួបពិភាក្សាជាមួយកូរ៉េខាងជើង សំខាន់ជាងការទប់ស្កាត់កម្មវិធីនុយក្លេអ៊ែរ និងគ្រាប់មីស៊ីលរបស់ក្រុងព្យុងយ៉ាងទៅទៀត៕