ស្នងការខេត្តកំពង់ធំ លោក លាង ង៉ានម៉ារ៉ាឌី បានឲ្យដឹងថា ថៅកែកាប់ឈើខុសច្បាប់ជនជាតិវៀតណាមម្នាក់ឈ្មោះ ឃ្វៀង ធីម៉ាយ ហៅ យាយម៉ាយ កំពុងស្ថិតនៅក្រោមការសួរចម្លើយដោយស្នងការប៉ូលីសខេត្ត ដើម្បីបញ្ជូនសំណុំរឿងទៅកាន់តុលាការជាបន្ត ក្រោយពីត្រូវបានចាប់ខ្លួននៅព្រឹកថ្ងៃទី១៨ កក្កដានេះ។
ឈ្មួញឈើម្នាក់នេះ ត្រូវបាននគរបាលខេត្តកំពង់ធំ ឃាត់ខ្លួនបាននៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោយពីមានដីកាចាប់ខ្លួន ពីតុលាការ កាលពីម្សិលមិញ។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពង់ធំ លោក ឃន សុកល ចេញដីកាបង្គាប់ឲ្យឃាត់ខ្លួន ស្រ្តីឈ្មោះ ឃ្វៀង ធីម៉ាយ ពីបទ ប្រមូលនិងដឹកជញ្ជូនផល-អនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ ដែលប្រឈមនឹងផ្តន្ទាទោសតាមមាត្រា ៩៦ និងមាត្រា ៩៨ នៃច្បាប់ស្តីពីព្រៃឈើ។
ស្ត្រីម្នាក់នេះត្រូវបានស្នងការខេត្តបញ្ជាក់ថាជាឈ្មួញឈើ ជនជាតិវៀតណាម ចូលមករកស៊ីកាប់ឈើនិងជួញដូរឈើខុសច្បាប់នៅក្នុងប្រទេសកម្ពុជា នៅតំបន់ខេត្តក្រចេះ និងខេត្តក្បែរៗនោះ៕