តុលាការកំពូលរបស់អាមេរិកបានបកស្រាយពីបំរាមការធ្វើដំណើររបស់ពលរដ្ឋពីប្រទេសចំនួន៦ចូលទៅកាន់ដែនដីសហរដ្ឋអាមេរិកថា មិនអាចអនុវត្តន៍បានចំពោះ ជីដូន ជីតា ចៅ និងសាច់ញាតិដែលស្និទ្ធមួយចំនួនទៀតនោះទេ។
តុលាការបានទទួលយកការបកស្រាយរបស់ចៅក្រមតុលាការនៅហាវ៉ៃ កាលពីសប្តាហ៍មុន ដែលបញ្ជាក់ថា រដ្ឋការរបស់លោកត្រាំ រឹតត្បិតខ្លាំងលើសាច់ញាតិជិតស្និទ្ធដែលផ្ទុយពីរដ្ឋធម្មនុញ្ញ ដែលបានហាមពលរដ្ឋពីប្រទេសកាន់សាសនាឥស្លាមចំនួន៦ធ្វើដំណើរចូលដែនដីអាមេរិកក្នុងនោះមាន អ៊ីរ៉ង់ លីប៊ី សូម៉ាលី ស៊ូដង់ ស៊ីរី និង ប្រទេសយ៉េមែន។
ប៉ុន្តែចៅក្រមបានបកស្រាយថា បំរាមនោះលើកលែងអ្នកពាក់ព័ន្ធមួយចំនួនដែលមានសាច់ញាតិស្និទ្ធកំពុងរស់នៅសហរដ្ឋអាមេរិកដូចជា ជីដូនជីតា ក្មួយប្រុសក្មួយស្រី និង បងប្អូនជីដូនមួយផងដែរ។ កន្លងមកមានការចែងលើកលែងតែ ឪពុកម្តាយ ប្តីប្រពន្ធ កូន កូនប្រសារប្រុសស្រី បងប្អូនបង្កើត និង បងប្អូនដែលមានឪពុកឬ ម្តាយផ្សេងគ្នា។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AFP។
ប៉ុន្តែនៅក្នុងបទបញ្ជាសង្ខេបរបស់រដ្ឋការរបស់លោកត្រាំ នៅតែមានឥទ្ធិពលអនុវត្តន៍លើដែនដីហាវ៉ៃ ក្នុងការអនុវត្តន៍លើជនភៀសខ្លួនទាំងអស់ចំនួន១២០ថ្ងៃ។
គោលនយោបាយហាមឃាត់ប្រជាជនមកពីប្រទេសកាន់សាសនាឥស្លាមចូលដែនដីអាមេរិកនេះ រដ្ឋការរបស់លោកត្រាំបញ្ជាក់ថា ដើម្បីការពារសន្តិសុខ៕