ប្រជាសហគមន៍នៅខេត្ដព្រះវិហារឲ្យដឹងថា ការកាប់បំផ្លាញព្រៃឈើនៅព្រៃព្រះរកា នៅតែបន្ដកើតមាន ដោយសារសមត្ថកិច្ចទទួលសំណូកពីក្រុមឈ្មួញ ខណៈតំបន់ព្រៃនោះ ត្រូវបានរដ្ឋាភិបាលដាក់ជាតំបន់ព្រៃការពារ។
ប្រជាសហគមន៍ព្រៃឈើ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ លោក បា ផល ប្រាប់វីអូឌី នៅថ្ងៃទី២០ខែកក្កដាថា តំបន់ព្រៃការពារព្រៃព្រះរកា រងការបាត់បង់ជាបន្ដបន្ទាប់ ដោយសារក្រុមជនខិលខូច លួចកាប់បំផ្លាញជារៀងរាល់ថ្ងៃ បើទោះបីព្រៃនោះ ជាព្រៃការពារបស់រដ្ឋាភិបាលក៏ដោយ។
លោកបន្ដថា បទល្មើសនោះកើតឡើង ដោយសារសមត្ថកិច្ចជាច្រើស្ថាប័ន ទទួលសំណូកពីក្រុមឈ្មួញ និងដាក់លុយប្រចាំខែ ដោយលោកថា បើគ្មានការទប់ស្កាត់ទេនោះ ព្រៃការពារព្រះរការ នឹងហិនហោចបន្ថែមទៀត។
លោកបន្ដថា៖ «ប៉ូលិស គេឈចាំតាមផ្លូវ ចាំយកមួយគោយន្ដ ពីរបីម៉ឺនរៀល យកលុយប្រចាំរាល់ថ្ងៃ ប្រចាំខែ រាល់ថ្ងៃ មិនថាយប់ថាថ្ងៃទេ នៅចាំផ្លូវយកលុយ ដល់ពេលយើងចុះព្រៃចឹងវាដាច់ម៉ូយគេ។ មិនអាចទប់ទល់ឈ្នះទេ បើមន្ដ្រីបរិស្ថាននឹងគាត់ឈចាំយកលុយពីគោយន្ដមួយ១លាន»។
ពលរដ្ឋមួយរូបទៀត នៅឃុំស្រយ៉ង់ ស្រុកគូលេន ដែលជាបណ្ដាញសហគមន៍ព្រៃឈើ លោក សែម ឡំ ឲ្យដឹងថា ជារៀងរាល់ថ្ងៃលោកតែងឃើញរថយន្ដយីឌុបដឹកឈើចេញពីខេត្ដព្រះវិហារ មកស្ដុកទុកនៅស្រុកស្វាយលើ ខេត្ដសៀមរាប ប៉ុន្ដែសមត្ថកិច្ចវិញគ្មានការទប់ស្កាត់បទល្មើសនោះទេ។ លោកចោទមន្ដ្រីសមត្ថកិច្ចថានេះជាការឃុបឃិតគ្នាជាប្រព័ន្ធ។
លោកបន្ថែមថា៖ «ឈើដូចជាឈើពពេល ឈើផ្ដៀក ឈើត្រាច បើគិតទៅនៅស្រុកស្វាយលើមេព្រៃគេអត់ធ្វើការទេ ព្រោះខ្ញុំខលទៅពួកគាត់គេអត់ធ្វើការផង។ឃុបឃិតគ្នាបានជាគាត់អត់ធ្វើការផង»។
វីអូឌី មិនអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្ដព្រះវិហារ លោក នង ខេមរិន្ទ អភិបាលស្រុកត្បែងមានជ័យ លោក អ៊ុង វុទ្ធី និងអភិបាលខេត្តព្រះវិហារ លោក អ៊ុន ចាន់ដា ដើម្បីសុំការអត្ថាធិប្បាយបន្ថែមបាននៅឡើយទេ។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក សៅ សុភាព មានប្រសាសន៍ថា លោកនៅមិនទាន់ដឹងពីព័ត៌មាននេះនៅឡើយទេ ដោយថា លោនឹងទាក់ទងទៅមន្ទីរបរិស្ថានខេត្ត។
មន្ដ្រីតស៊ូមតិ នៃអង្គការពន្លកខ្មែរ ខេត្ដព្រះវិហារ លោក ប៉ឹក សោភណ្ឌ មានប្រសាសន៍ថា ព្រៃព្រះរកាមានទំហំផ្ទៃដីជាង៩៦ ០០០ហិកតា ត្រូវបានរដ្ឋាភិបាលដាក់បញ្ចូលជាព្រៃអភិរក្សានៅឆ្នាំ២០១៦ ប៉ុន្ដែតំបន់នោះនៅតែរងការកាប់បំផ្លាញ។ លោកពន្យល់ថា បើសិនរដ្ឋាភិបាលចង់ឲ្យព្រៃនោះនៅគង់វង្សទៅថ្ងៃអនាគត រដ្ឋាភិបាល ត្រូវសហការជាមួប្រជាសហគមន៍ចុះល្បាតរាល់ថ្ងៃ៕