ក្រុមអ្នកវិទ្យាសាស្ត្រនយោបាយ យល់ថា ការធ្វើទស្សនៈកិច្ចរបស់មេដឹកនាំកំពូលនៃបក្សកុម្មុនីសវៀតណាម មកកម្ពុជា ជាទំនាក់ទំនងធម្មតា និងអ្នកស្រាវជ្រាវផ្សេងទៀតយល់ថា វៀតណាម ហាក់កំពុងខ្លាចបាត់បង់ប្រទេសកម្ពុជាទៅកាន់ប្រទេសចិន ខណៈដែលកម្ពុជា ហាក់មានការទោទន់ខ្លាំងទៅរកចិន។
អគ្គលេខាធិការបក្សកុម្មុយនីសវៀតណាមលោក ង្វៀន ហ៊ូជុង បានមកធ្វើទស្សនៈកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃនៅកម្ពុជា ក្នុងដំណើរទស្សនកិច្ចនោះ វៀតណាម បានចុះហត្ដលេខាលើពិធីសារមួយចំនួន ក្នុងន័យដើម្បីពង្រឹងទំនាក់ទំនងជាមួយកម្ពុជាមួយចំនួន។ លើសពីនេះ ប្រទេសវៀតណាម ក៏បានផ្តល់ជំនួយជាអាគាររដ្ឋបាលមួយ ដែលមានតម្លៃ២៥លានដុល្លារអាមេរិកដល់កម្ពុជាផងដែរ ខណៈដែលកាលពីឆ្នាំមុនក្នុងខែកក្កដាដូចគ្នា ចិនបានសន្យាផ្តល់ជំនួយជាអាគាររដ្ឋបាលដល់សភាផងដែរ ដែលមានទឹកប្រាក់១៦លានដុល្លារ។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោកបណ្ឌិត ចាន់ វិបុល យល់ថាការធ្វើទស្សនៈរបស់មេដឹកនាំវៀតណាមមកកាន់កម្ពុជាពេលនេះ គឺជារឿងធម្មតា ហើយមិនមានពាក់ព័ន្ធនឹងរឿងនយោបាយរវាងប្រទេសកម្ពុជា វៀតណាម ចិនឡើយ។
ចំពោះការផ្តល់ជំនួយជាអាគាររដ្ឋបាលសភា លោក វិបុល វិភាគថា វាជាសន្តានចិត្ត និងការយល់ព្រមរបស់កម្ពុជា និងមិនអាចថា វៀតណាមចង់ប្រើប្រាស់វិធីនេះ ទាក់ទាញកម្ពុជានោះទេ។
លោកមានប្រសាសន៍ថា៖ «ជាទូទៅទេ កាលណាគាត់មានសន្តានចិត្តជួយអញ្ចឹង មានតែការជជែកគ្នាជាមួយរាជរដ្ឋាភិបាលកម្ពុជាទេ។ ប្រសិនជារដ្ឋាភិបាលកម្ពុជាគិតថា បើទទួលយកបានជាប្រយោជន៍ដល់រដ្ឋាភិបាលកម្ពុជាក៏ទទួលទៅ ខ្ញុំយល់ថាវាមិនទាក់ទងអីនឹងរឿងនយោបាយ កាទូតអីរហូតទៅដល់ការទប់ជាមួយចិនទេ។ ប្រសិនជាវៀតណាមចង់ទប់ជាមួយចិន មិនអាចទប់ផ្លូវនេះទេ រឿងការជួយជំនួយនេះមិនអាចទប់បានទេនៅក្នុងការជួយជំនួយប្រវត្តិសាស្ត្រ អញ្ចឹងខ្ញុំអាចធ្វើសេចក្តីសន្និដ្ឋាន វាមិនងាំចទាក់ទងជាមួយហ្នឹងនយោបាយទេ»។
ចំពោះ អ្នកវិភាគនយោបាយលោក ឆាំ ប៊ុនថេត យល់ឃើញស្រដៀងនឹងលោក ចាន់ វិបុល ដែលថា ដំណើរទស្សនៈកិច្ចរបស់អគ្គលេខាធិការបក្សកុំមុនីយវៀតណាមនេះ ជារឿងធម្មតាក្នុងទំនាក់ទំនងរវាងប្រទេសមួយ និងប្រទេសមួយ តែលោកថា អ្វីគួរឲ្យកត់សំគាល់នោះគឺ កម្ពុជា និងវៀតណាមតែងតែមកធ្វើទស្សនកិច្ចទៅវិញទៅមក ខណៈពេលដែលការបោះឆ្នោតខិតជិតដល់។
មួយវិញទៀត លោក ប៊ុនថេត វិភាគថា ខណៈដែលទំនាក់ទំនងកម្ពុជា ចិន កាន់តែស្អិតរមួតជាងខ្លួននោះ លោកថា វៀតណាម អាចនឹងភ័យខ្លាចបាត់បង់កម្ពុជា ទៅកាន់ប្រទេសចិន ដែលប្រទេសមហាអំណាចមួយនេះ ហាក់មិនសូវមានទំនាក់ទំនងល្អជាមួយខ្លួនជាយូរមកហើយនោះ។
លោកថា៖ «ខ្មែរយើង អត់អាចអត់ចិនបានទេ! ហេតុអី? ពីព្រោះ មានតែចិនទេ ដែលអាចការពារវៀតណាម ឬក៏ប្រទេសជិតខាងណាមួយលេបយកខ្មែរបាន ដូច្នេះ ទំនររបស់ខ្មែរទៅរកចិនគឺចាំបាច់ ខ្ញុំមើលឃើញទំនររបស់សម្តេចនាយករដ្ឋមន្ត្រីទៅចាប់ចិន ខ្ញុំក៏មើលឃើញថា លោកក៏មានសុឆន្ទះមួយដែលចង់ការពារខ្មែរកុំឲ្យវៀតណាមលេបយកដែរ រឿងនេះ ជាការពិតយើងត្រូវនាំគ្នាទទួលស្គាល់ ហើយខ្មែរយើង ក៏មិនត្រូវស្អប់ចិនដែរ ពីព្រោះវាជាប្រទេសមួយ ដែលនៅឆ្ងាយពីយើង ដែលអាចការពារយើងពីវៀតណាម ព្រោះយើងដឹងហើយថា ទំនាក់ទំនងរវាងចិន និងវៀតណាម ហើយខ្មែរ និងយួនគឺវាអត់មានខុសគ្នាទេ»។
អ្នកស្រាវជា្រវពីវិទ្យាសាស្ត្រនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថា ក្នុងដំណើរការទំនាក់ទំនងអន្តរជាតិ ថ្វីត្បិតកម្ពុជា វៀតណាមមានទំនាក់ទំនងល្អ ព្រំដែនល្អជាមួយគ្នាមែន តែប្រសិនជាគ្មានដំណើរទស្សនៈកិច្ច ឬចំណងទាក់ទងនោះទេ នឹងអាចធ្វើឲ្យប្រទេសណាមួយក្នុងទំនាក់ទំនងនោះងាកទៅកាន់ប្រទេសផ្សេងៗវិញ។ លោកថា ទំនាក់ទំនងកម្ពុជា វៀតណាមក៏ដូចគ្នាដែរ ខណៈពេលនេះ កម្ពុជា មានទំនាក់ទំនងស្អិតរមួតជាមួយចិនជាខ្លាំង នោះក៏អាច ជាការបារម្ភមួយរបស់វៀតណាមផងដែរ។
លោកថា៖ «ជាទូទៅប្រទេសណា ក៏ដូចប្រទេសណា ចិនក៏ខ្លាច វៀតណាម ក៏ខ្លាចកម្ពុជាងាកទៅរកប្រទេសណាមួយដែរ។ ក្នុងជំហរនយោបាយការបរទេសរបស់ខ្លួន កម្ពុជាត្រូវគិតទៅលើផលប្រយោជន៍ជាតិ ហើយនិងចំណងទាក់ទង នឹងប្រទេសជិតខាង ព្រោះវៀតណាមជាប្រទេសជិតខាង និងមានឥទ្ធិពលច្រើនពាក់ព័ន្ធនឹងពលរដ្ឋកម្ពុជាតាំងពីឆ្នាំ១៩៧៩មក ដល់បច្ចុប្បន្នគឺនៅតែមានឥទ្ធិពលដែរ។ ពាក់ព័ន្ធនឹងយន្តការនយោបាយទូទៅ វាមិនត្រឹមតែពាក់ព័ន្ថនឹងគោលនយោបាយរបស់កម្ពុជាសុទ្ធសាធទេ នយោបាយនៅកម្ពុជា វាពាក់ព័ន្ធនឹងវៀតណាមច្រើន ហើយយើង គឺជាសមាជិកអាស៊ានដូចគ្នា»។
លោក ឯម សុវណ្ណារ៉ា វិភាគថា ក្នុងដំណើរទំនាក់ទំនងកម្ពុជា ចិន គឺមានប្រយោជន៍ច្រើនជាងវៀតណាម ទាំងសេដ្ឋកិច្ច និងអធិបតេយ្យភាពទឹកដី។ ទោះជាយ៉ាងណា លោកថា កម្ពុជា មិនគួរបោះបង់ចោលប្រទេសណាមួយទេ ព្រោះថា ការចាប់យកប្រទេសណាមួយ ដោយចោលប្រទេសណាមួយនោះ វាធ្វើឲ្យកម្ពុជា ជាអ្នករងគ្រោះទៅវិញទេ។
សម្រាប់ដំណើរការទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាដូចសព្វថ្ងៃនេះ លោកឯម សុវណ្ណារ៉ា បន្តវិភាគថា បើទោះបី រាងជ្រុលទៅចិនបន្តិច តែលោកថា កម្ពុជាកំពុងដើរលើផ្លូវត្រូវ។
ទំនាក់ទំនងកម្ពុជា-ចិន ត្រូវបានគេមើលឃើញថា មានភាពជិតស្និទ្ធនឹងគ្នាកាន់តែខ្លាំងនៅក្នុងរយៈពេលជាង១ទសវត្សរ៍ចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងឲ្យឃើញតាមរយៈការផ្ដល់ជំនួយឥតសំណង កម្ចីហិរញ្ញវត្ថុ និងកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទំនាក់ទំនងនេះ ក៏ត្រូវបានគេមើលឃើញរឹតតែច្បាស់ ក្រោយការចេញសេចក្តីថ្លែងការណ៍រួមរបស់អាស៊ាន ករណីសមុទ្រចិនខាងត្បូង ហាក់ត្រូវបានរាំងស្ទះដោយសារកម្ពុជា ចំនួនពីរលើក។ សេចក្តីថ្លែងការណ៍រួមនោះ ជាសេចក្តីថ្លែងការ ដែលចង់បានបំផុតដោយប្រទេសភីលីពីន និងវៀតណាម ថ្កោលទោសចិន លើបញ្ហាសមុទ្រចិនខាងត្បូង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែកុម្ភៈកន្លងមកនេះ បានឲ្យដឹងថា គិតត្រឹមដើមឆ្នាំ២០១៧នេះ ចិនបានផ្ដល់ជំនួយឥតសំណង និងកម្ចីសម្បទានដល់ទៅ ៤ ២០០លានដុល្លារ សម្រាប់អភិវឌ្ឍវិស័យហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម សុខាភិបាល អប់រំ និងសន្តិសុខសង្គមជាដើម៕