របាយការណ៍សមត្ថកិច្ចឲ្យដឹងថា រថយន្តដឹកកម្មករមួយគ្រឿងស្ថិតនៅក្នុងស្រុកបាទី ខេត្តតាកែវ បានក្រឡាប់នៅម៉ោង៦ព្រឹកថ្ងៃសុក្រនេះ បណ្តាលឲ្យកម្មករចំនួន១៧នាក់រងរបួស។
តាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ចំណុចកើតហេតុលើផ្លូវជាតិលេខ៣នៅភូមិរូង ឃុំក្រាំងលាវ។ មូលហេតុនាំឲ្យក្រឡាប់គឺបណ្តាលមកពីរថយន្តដឹកកម្មករ បើកគេចចេញពីម៉ូតូមួយគ្រឿងដែលបើកក្នុងទិសដៅបញ្ជ្រាស់គ្នា។
អធិការនគរបាលស្រុកបាទី លោកង៉ាន់ សារី ថ្លែងប្រាប់គេហទំព័រអគ្គស្នងការនគរបាលជាតិថា ក្នុងចំណោមអ្នករងរបួសទាំង១៧នាក់នោះគឺ ៧នាក់រងរបួសធ្ងន់ ហើយអ្នករងរបួសទាំងអស់មួយចំនួនបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្បែរនោះខ្លះ និង មួយចំនួនទៀត បញ្ជូនទៅពេទ្យបង្អែកខេត្តតាកែវ។