បេក្ខនារី​កម្ពុជា២០១៦ បង្ហាញបទពិសោធន៍ ក្នុងពេលកម្ពុជាប្រកាសធ្វើម្ចាស់ផ្ទះ Miss Global 2017

កាលពីព្រឹកថ្ងៃទី២៣ កក្កដា គណកម្មការរៀបចំព្រឹត្តិការណ៍ Miss Global ពិភពលោក និងមន្ត្រីក្រសួងវប្បធម៌ បានបើកវេទិកាសន្និសីទកាសែតធំមួយស្ដីពីការរៀប​ចំព្រឹត្តិការណ៍ Miss Global 2017 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា ខាងមុខនេះ។ ជាមួយនឹងរៀបចំកម្មវិធីកម្រិតអន្តរជាតិនេះ បេក្ខនារីកម្ពុជាដែលធ្លាប់ចូលប្រកួត Miss Global 2016 នៅក្នុង

ប្រទេសហ្វីលីពីន បានបង្ហាញនូវបទពិសោធន៍​ជាច្រើន​ ដោយសារតែនាងធ្លាប់ត្រូវបានតំណាង​​ប្រទេសកម្ពុជា ទៅបង្ហាញខ្លួន​ក្នុងព្រឹត្តិការណ៍នេះ​មុនពេលកម្ពុជាទទួលសិទ្ធិរៀបចំក្នុងនាមជាម្ចាស់ផ្ទះ។ ​

កញ្ញាសូ អែនណា ដែលត្រូវគេស្គាល់ថាត្រូវបានជ្រើសរើសជាបេក្ខនារី Miss Global Cambodia កាលពីឆ្នាំ​​២០១៦ និងបានចូលប្រកួតក្នុងព្រឹត្តិការណ៍ Miss Global International 2016 នៅក្នុងប្រទេសហ្វីលីពីន បានថ្លែងក្នុងវេទិកាសន្នសីទនោះថា កញ្ញាមានអារម្មណ៍រំភើប​យ៉ាងខ្លាំង បន្ទាប់ពីបានដឹងថាព្រឹត្តិការណ៍​​ប្រកួតសម្រស់ និងចំណេះដឹងរបស់ពិភពលោកដ៏ធំមួយនេះ ត្រូវបានប្រគល់សិទ្ធិអោយកម្ពុជារៀបចំក្នុងពេលខាងមុខ។

នេះជាមោទនភាពធំមួយដែលនាងបញ្ជាក់ថានឹងជួយអោយកម្ពុជាកាន់តែមានមុខមាត់លើឆាកអន្តរជាតិ ដោយសារព្រឹត្តិការណ៍នេះ​​ក្រៅពីមានវត្តមានកញ្ញាឯកស្អាតៗប្រចាំប្រទេសនីមួយៗនៅលើពិភពលោកចូលប្រកួត ក៏ជាការផ្សព្វផ្សាយ​​មួយដ៏ធំដែលអាចអោយពិភពលោកកាន់តែស្គាល់វប្បធម៌ និងតំបន់ទេសចរណ៍ក្នុងនាមជាម្ចាស់ផ្ទះ។ កញ្ញាកាលពីឆ្នាំ២០១៦ កញ្ញាត្រូវបានជ្រើសរើសដោយក្រុមហ៊ុនមួយចូលប្រកួតនៅក្នុងព្រឹត្តិការណ៍នេះ ដោយការប្រកួតដែលបានធ្វើឡើងបានជួយអោយនាងទទួលបាននូវបទពិសោធន៍ជាច្រើនបើទោះជាការប្រកួតដែលនាងចូលរួមមិនទទួលបានជ័យលាភី។

ឆ្លងកាត់បទពិសោធន៍ចូលប្រកួតក្នុងព្រឹត្តិការណ៍ Miss Global 2016 ដែលប្រទេសហ្វីលីពីនធ្វើជាម្ចាស់ផ្ទះ កញ្ញាបញ្ជាក់ថាទទួលបានបទពិសោធន៍ច្រើនណាស់ ជាពិសេសគឺបានបង្ហាញវត្តមាននៅក្នុងតំបន់ទេសចរណ៍សំខាន់ៗរបស់ម្ចាស់ផ្ទះ និងបានយល់ដឹងពីមណ្ឌលគរថ្លង់មួយកន្លែង ដែលធ្វើអោយនាងយល់ដឹងកាន់តែច្បាស់ថែមទៀត ពីស្ថានភាពរស់នៅរបស់កុមារកំព្រា និង​ពិការភាព ដើម្បីចែករំលែកក្ដីស្រឡាញ់។ នាងថារយៈពេលជាងកន្លះខែក្នុងការប្រកួតប្រជែងមិនត្រឹមតែទទួលបាននូវចំណេះដឹងជ្រាលជ្រៅពីវប្បធម៌ និងតំបន់​ទេសចរណ៍របស់ប្រទេសម្ចាស់ផ្ទះប៉ុណ្ណោះទេ ប៉ុន្តែក៏បានដឹងពី​ការចែករំលែកក្ដីស្រឡាញ់ជាមួយនឹងក្មេងៗកុមារកំព្រា និងបានយល់ដឹងពីប្រព័ន្ធរៀបចំព្រឹត្តិការណ៍ប្រកួតសម្រស់ដ៏​ធំរបស់ពិភពលោកពាក់ព័ន្ធនឹងការដើរម៉ូដនោះផងដែរ។

កញ្ញានិយាយថាក្នុងពេលចូលប្រកួត Miss Global នៅក្នុងប្រទេសហ្វីលីពីននាងរមែងមានក្ដីស្រម៉ៃជាច្រើនថាកម្ពុជាប្រសិនបើមានលទ្ធភាពរៀបចំព្រឹត្តិការណ៍នេះឡើងនៅលើទឹកដីរបស់ខ្លួន គឺពិតជាអស្ចារ្យខ្លាំង ដោយសារតែអាចអោយបេក្ខនារីមកពីគ្រប់ទិសទីនៅលើពិភពលោកកាន់តែស្គាល់ខ្លាំងឡើងពីអ្វីនៅក្នុងប្រទេសកម្ពុជាដូចគ្នានឹងពេលដែលនាងទៅប្រកួតនៅក្នុងប្រទេសហ្វីលីពីនត្រឹមតែ១៨ថ្ងៃ តែក៏យល់ដឹងបានច្រើនពីប្រទេសជាម្ចាស់ផ្ទះមួយនោះ។ នាងទទូចអោយបេក្ខនារីដែលមានចំណេះដឹង និងមានសម្រស់ស្រស់ស្អាតនៅទូរទាំងប្រទេសចូលរួមប្រកួតប្រជែងនៅក្នុងព្រឹត្តិការណ៍ Miss Global Cambodia ដែលក្រសួងវប្បធម៌ និងទូរទស្សន៍ហង្សមាសរៀបចំនៅខែតុលាខាងមុខ ក្នុងបំណងស្វែងរកបេក្ខនារីមួយរូបជាតំណាងរបស់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ Miss Global អន្តរជាតិដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅខែវិច្ឆិកា។

នាងរំពឹងយ៉ាងមុតមាំថាកម្ពុជានឹងស្វែងរកបានបេក្ខនារីមួយរូប ដែលមានទាំងសម្រស់ និងភាសា​អង់គ្លេស ដើម្បីមានឱកាសទទួលបានជ័យលាភីណាមួយពីការប្រកួតប្រជែងដ៏សំខាន់មួយនេះ​​។ កញ្ញាថាប្រទេសជាអ្នករៀបចំព្រឹត្តិការណ៍ធំៗបែបនេះ​ទទួលបានផលចំណេញច្រើនណាស់ ជាពិសេសការផ្សព្វផ្សាយទៅកាន់ពិភពលោក ដោយសារតែការប្រកួត Miss Global អន្តរជាតិនីមួយៗគឺប្រទេសជាម្ចាស់ផ្ទះរមែងទទួលបាននូវការចាប់អារម្មណ៍ខ្លាំងក្លាតាំងពីដំណាក់កាលរៀបចំរហូតដល់បញ្ចប់ព្រឹត្តិការណ៍។

លោក អឿន រតនៈ តំណាងគណកម្មការរៀបចំព្រឹត្តិការណ៍ Miss Global 2017 បានថ្លែងបញ្ជាក់ថា កម្ពុជានឹងរៀបចំព្រឹត្តិការណ៍លើកទី៥របស់ពិភពលោកមួយនេះចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី១៨ វិច្ឆិកា ដោយបានសហការជាមួយទូរទស្សន៍ហង្សមាសអោយធ្វើជាអ្នក​​បន្តផ្ទាល់ផ្ដាច់មុខលើព្រឹត្តិការណ៍មួយនេះ។ លោកថាការប្រកួតបូកបញ្ចូលទាំំងដំណើរទស្សនកិច្ចរបស់បេក្ខនារីមកពី៦០ទៅ៨០ប្រទេស​នៅលើពិភពលោកនៅតាមតំបន់សំខាន់ៗរបស់កម្ពុជាដើម្បីអោយពួកគេផ្សព្វផ្សាយវប្បធម៌ និងតំបន់ទេសចរណ៍របស់កម្ពុជាទៅកាន់ពិភពលោកការ សកម្មភាពសប្បុរសធម៌ ការប្រកួតប្រជែងផ្នែកសំលៀកបំពាក់ប្រចាំជាតិនីមួយៗ និងការប្រកួតចំណេះដឹងជាដើម។

ការប្រកួតដ៏ធំនេះ នឹងធ្វើពិធីបំពាក់ម្កុដនៅសាលមហោស្រពកោះពេជ្រ ដោយរំពឹងថានឹងមានអ្នកទស្សនាទាំងផ្ទាល់ និងលើកញ្ចក់ទូរទស្សន៍ភាគច្រើន។ យ៉ាងណាមិញលោកថាប្រទេសកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ នឹងត្រូវទទួលភារៈជុំវិញការរៀបចំព្រឹត្តិការណ៍  Miss Global Cambodia  មួយដោយឡែកមួយទៀតនៅខែតុលាខាងមុខ ដើម្បីស្វែងរកកញ្ញាឯកតំណាងអោយប្រទេសកម្ពុជាសម្រាប់ប្រកួតប្រជែងក្នុងព្រឹត្តិការណ៍នេះ ដោយមិនអាចជ្រើសរើសស្ងាត់ៗដូចកាលពីពេលកម្ពុជាដាក់តំណាងអោយ​ចេញទៅប្រកួតនៅព្រឹត្តិការណ៍ Miss Global 2016 នៅប្រទេសហ្វីលីពីនបានទេ។ បើទោះជារយៈពេលក្នុងការរៀបចំព្រឹត្តិការណ៍ធំទាំង២ហាក់ខើចបន្តិច តែលោកនៅតែរំពឹងថាកម្ពុជានឹងរៀបចំព្រឹត្តិការណ៍ជ្រើសស្រីស្អាតប្រចាំកម្ពុជា និងរៀបចំព្រឹត្តិការណ៍ Miss Global International 2017 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះបានល្អ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ