មន្ដ្រីយោធាជាន់ខ្ពស់របស់អូស្ដ្រាលី មកបំពេញទស្សនកិច្ចនៅកម្ពុជា លោកនឹងជួបជាមួយកូនប្រុសលោកនាយករដ្ឋមន្ដ្រី ដើម្បីពិភាក្សាពីការពង្រឹងកិច្ចការយោធារវាងប្រទេសទាំងពីរ។
យោងតាមលិខិតជូនដំណឹង ចេញផ្សាយកាលពីថ្ងៃចន្ទម្សិលមិញ ស្ថានទូតអូស្ដ្រាលីប្រចាំនៅកម្ពុជា ឲ្យដឹងថា អគ្គមេបញ្ជាការរងកងទ័ពអូស្ដ្រាលី លោក Ray Griggs នឹងជួបពិភាក្សាការងារជាមួយកូនលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត នៅទីបញ្ជាការដ្ឋានជាតិកម្លាំងពិសេសប្រឆាំងភេវរកម្ម ជំនួបនោះ លោកនឹងលើកពីរឿងពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពប្រទេសទាំងពីរ។
ការមកដល់លើកនេះ លោក Ray Griggs ក៏នឹងទៅទស្សនៈកិច្ចនៅសកលវិទ្យាល័យការពារជាតិ ព្រមទាំងគ្រោងទៅជួបប្រជុំជាមួយមន្ត្រីយោធាជាន់ខ្ពស់សំខាន់ៗរបស់កម្ពុជាដែរ។
អូស្រ្តាលីក៏អះអាងថា នឹងជួយដោះស្រាយបញ្ហាប្រឈមដ៏សំខាន់ក្នុងតំបន់ ជាពិសេសក៏មានការតាំងចិត្តខ្ពស់់ក្នុងការប្រឆាំងទៅនឹងភេវរកម្មផងដែរ។
អគ្គមេបញ្ជាការរងកងទ័ពអូស្រ្តាលីរូបនេះ ធ្វើទស្សនៈកិច្ចនៅកម្ពុជាចំនួន ២ថ្ងៃ គឺ ថ្ងៃទី២៥ និង២៦ ខែកក្កដា ឆ្នាំ២០១៧នេះ៕