ក្រុមសមាជិកសភាអាមេរិកបានបោះឆ្នោតក្នុងសំឡេងច្រើនលើសលប់ នៅថ្ងៃនេះ គាំទ្រដល់ការដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតទៅលើប្រទេសអ៊ីរ៉ង់ កូរ៉េខាងជើង និងរុស្ស៊ី ដែលនេះគឺជាការសម្រេចថ្មីមួយដែលនឹងបង្កអរិភាពជាមួយក្រុងគ្រឹមឡាំង ព្រមទាំងបណ្ដាប្រទេសអឺរ៉ុបផងដែរ ដោយព្រួយបារម្ភអំពីការសងសឹកខាងសេដ្ឋកិច្ច។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
វិធានការនេះ បានដាក់កម្រិតអំណាចរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ឲ្យគោរពទៅតាមទណ្ឌកម្មទាំងនេះ។
ប្រធានរដ្ឋសភាអាមេរិក បាននិយាយនៅក្រោយកិច្ចប្រជុំសភាថា បណ្ដុំទណ្ឌកម្មនេះ ដែលត្រូវបានសមាជិកសភា ៤១៩រូបអនុម័ត ប៉ុន្មានសប្ដាហ៍ក្រោយពីការជជែកគ្នានោះ បានរឹតបន្តឹងទៅលើមនុស្សគ្រោះថ្នាក់បំផុត ដើម្បីផ្ដល់សុវត្ថិភាពដល់ពលរដ្ឋអាមេរិក។
ទណ្ឌកម្មថ្មីនេះ បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅព្រឹទ្ធសភាហើយ ដែលព្រឹទ្ធសភាអាមេរិកក៏បានគាំទ្រដល់ទណ្ឌកម្មថ្មីនេះដែរ ប៉ុន្តែ ត្រូវជជែកបន្ថែមទៀតថា តើនឹងដាក់បញ្ចូលការដាក់ទណ្ឌកម្មទៅលើកូរ៉េខាងជើង ឬយ៉ាងណា។
ច្បាប់ថ្មីនេះ កើតចេញពីការសម្រុះសម្រួលរបស់សភាកាលពីសប្ដាហ៍មុន ហើយមានគោលដៅដាក់ទណ្ឌកម្មទៅលើរដ្ឋាភិបាលរុស្ស៊ី ដែលបានលូកលាន់ចូលក្នុងកិច្ចការបោះឆ្នោតប្រធានាធិបតីអាមេរិកកាលពីឆ្នាំមុន និងដែលបានកាត់យកទឹកដីគ្រីមៀរបស់អ៊ុយក្រែន បញ្ចូលជាដែនដីរបស់ខ្លួន៕