អ្នកវិភាគនយោបាយ លោក គឹម សុខ បានយកក្រដាសញ៉ុកត្រចៀកខ្លួន ដោយមិនឆ្លើយតបទៅនឹងសំណួររបស់ចៅក្រមឡើយ បន្ទាប់ពីសំណើរបស់លោកដែលស្នើឲ្យតុលាការកោះ ហៅភាគីដើមបណ្តឹង គឺនាយករដ្ឋមន្រ្តីលោក ហ៊ុន សែន នោះត្រូវបានតុលាការច្រានចោល។
ក្នុងសវនាការនៅសាលាដំបូងនៅរសៀលថ្ងៃទី២៦ កក្កដា លោក គឹម សុខ បានស្រែកខ្លាំងៗនៅក្នុងសវនាការថាលោកមិនទទួលយកលោក គី ឬទ្ធី ជាចៅក្រមកាត់ក្តីលើសំណុំរឿងរបស់លោកទៀតទេ ដោយថាសវនាការនេះជាសវនាការ «ឡប់ឡែ»។
បណ្តឹងចំនួនពីរដែលបានជំនុំជម្រះនៅតុលាការ គឺបណ្តឹងរបស់លោក ហ៊ុន សែន ដែលបានប្តឹងលោក គឹម សុខ ក្នុងករណីអត្ថាធិប្បាយទាក់ទងឃាតកម្មលោក កែម ឡី និងបណ្តឹងរបស់លោក គឹម សុខ ដែលប្តឹងទាមទារឲ្យលោក ហ៊ុន សែន ចូលមកតទល់នៅតុលាការ។ តែទោះជាយ៉ាងណាបណ្តឹងរបស់លោកគឹម សុខ ត្រូវបានតុលាការទាត់ចោល ដោយថាមិនចាំបាច់កោះហៅលោក ហ៊ុន សែន មកតទល់ក្តីនោះទេ។
ក្នុងការជជែកជាងមួយម៉ោងនោះ លោក គឹម សុខ ទាមទារឲ្យតុលាការចេញសាលក្រមមួយដែលថាខ្លួនសម្រេចមិនឲ្យលោក ហ៊ុន សែនមកតទល់នឹងក្នុងតុលាការ ដោយថាប្រសិនជាតុលាការមិនព្រមចេញសាលក្រមទេ លោក គឹម សុខ ថាខ្លួនក៏បដិសេធមិនទទួលយកលោក គី ឬទ្ធី ជាចៅក្រមជំនុំជម្រះផងដែរ ដោយប្តឹងសុំផ្លាស់ប្តូរចៅក្រមវិញ។ ទោះជាយ៉ាងណាសំណើរទាំងពីររបស់លោក គឹម សុខ ត្រូវបានតុលាការបដិសេធ រហូតដល់លោក គឹម សុខ លែងចង់នៅក្នុងសវនាការតទៅទៀត និងត្រូវបានចៅក្រមបញ្ជាឲ្យអនុរក្សនាំខ្លួនទៅបន្ទប់រង់ចាំសិន តែត្រូវបាននាំត្រលប់មកវិញបន្ទាប់ពីមេធាវី គី តិច ការពារក្តីលោក ហ៊ុន សែន ស្នើតុលាការឲ្យនាំខ្លួនមកវិញ។
ក្នុងពេលដែលនាំត្រលប់មកវិញលោក គឹម សុខ បានធ្វើពិហិការមិនស្តាប់ដោយ យកក្រដាសមកខ្ទប់ត្រចៀក និងមិនឆ្លើយចំពោះសំណួរ និងការចោទប្រកាន់របស់តុលាការ បន្ទាប់ពីគ្មានវត្តមានមេធាវីការពារក្តីរបស់លោកគឺលោក ជួង ជុងី ដែលបានធ្វើពិហិការដោយដើរចេញពាក់កណ្តាលទី។
ប្រតិកម្មរបស់លោក គឹម សុខ នេះធ្វើឲ្យចៅក្រមជំនុំជម្រះ លោក គី ឬទ្ធី និងព្រះរាជអាជ្ញាលោក សៀង សុខ ថាជាកាយវិការដែលមិនសមរម្យ «មិនគោរពតុលាការ និងមានចរិតអាងចាង»។
សវនាការនោះ បានបញ្ចប់ទៅដោយគ្មានវត្តមានមេធាវីការពារក្តីលោក គឹម សុខ និងគ្មានចម្លើយតតាំងរបស់លោក គឹម សុខ ទេ។ ទោះជាយ៉ាងណា តុលាការបានសម្រេចលើកពេលប្រកាសសាលក្រមលោក គឹម សុខ ទៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ។
មុនពេលមន្ត្រីពន្ធនាគារនាំចេញពីបន្ទប់សវនាការលោក គឹម សុខ ស្រែកថា៖ «តុលាការសិប្បនិមិត្ត ធ្វើតាមតែចិត្តចង់បានរបស់ លោក ហ៊ុន សែន»។
កាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០១៧ មេធាវីរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន គឺលោក គី តិច បានប្តឹង លោក គឹម សុខ ដោយទារសំណងជំងឺចិត្តចំនួន៥០ម៉ឺនដុល្លារ បន្ទាប់ពីអ្នកវិភាគរូបនេះ បានធ្វើអត្ថាធិប្បាយថា គណបក្សប្រជាជនកម្ពុជា ជាអ្នកនៅពីក្រោយករណីឃាតកម្មលោក កែម ឡី។
ក្រៅពីបណ្ដឹងខាងលើនេះ លោក គឹម សុខ ក៏ត្រូវបានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ប្តឹងមួយករណីទៀត ដោយ លោក គឹម សុខ ចោទរដ្ឋាភិបាលថា បានរៀបចំឲ្យមានប្រព័ន្ធមួយ ដើម្បីសម្លាប់មនុស្សនិងវែកមុខរកឃាតកមិនឃើញ៕