ចិន​ប្រាប់​លោក​ ត្រាំ ថាកុំ​ភ្ជាប់​បញ្ហា​ពាណិជ្ជកម្ម​ទៅ​នឹង​បញ្ហា​កូរ៉េ​ខាង​ជើង

ប្រទេស​ចិន​បាន​លើក​ឡើង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា អាមេរិក​មិន​គួរ​ភ្ជាប់​បញ្ហា​ពាណិជ្ជកម្ម​ទៅ​នឹង​កិច្ចពិភាក្សា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង​នោះ​ទេ បន្ទាប់​ពី​ប្រធានាធិបតី ដូណាល់ ត្រាំ បាន​ចោទ​ក្រុង​ប៉េកាំង​ថា ពុំ​បាន​ចាត់​វិធានការ​អ្វី​ទៅ​លើ​ក្រុង​ព្យុងយ៉ាង​នោះ​ឡើយ បើទោះបី​ជា​ទទួល​បាន​ប្រយោជន៍​ពី​ជំនួញ​ជាមួយ​អាមេរិក​ក៏​ដោយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន Channel News Asia។

សារព័ត៌មាន​នេះ​បាន​ដក​ស្រង់​សម្ដី​អនុ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ចិន លោក Qian Keming ដែល​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ដ៏​ខ្លី​មួយ​ថា ចិន​ជឿ​ថា បញ្ហា​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាង​ជើង និង​ពាណិជ្ជកម្ម​ចិន-អាមេរិក គឺ​ជា​បញ្ហា​ពីរ ដែល​មាន​លក្ខណៈ​ខុស​គ្នា​ទាំង​ស្រុង។ លោក​បន្ថែម​ថា បញ្ហា​កូរ៉េ​ខាង​ជើង មិន​ពាក់​ព័ន្ធ​នឹង​បញ្ហា​ពាណិជ្ជកម្ម​នោះ​ទេ ហើយ​មិន​គួរ​លើក​យក​មក​ជជែក​ព្រម​គ្នា​នោះ​ទេ។

អនុ​រដ្ឋ​មន្ត្រី​ពាណិជ្ជកម្ម​ចិន​រូប​នេះ បាន​លើក​ឡើង​ដូច្នេះ ជា​ការ​ឆ្លើយ​តប​ទៅ​នឹង​ការ​ចោទ​សួរ​​ទាក់​ទង​នឹង​ការ​ព្រមាន​របស់​លោក ត្រាំ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​ថា លោក​នឹង​មិន​អនុញ្ញាត​ឲ្យ​ចិន​មិន​ធ្វើ​អ្វី​សោះ​លើ​បញ្ហា​កូរ៉េ​ខាង​ជើង​ទៀត​នោះ​ទេ បន្ទាប់​ពី​រដ្ឋ​ឯកោ​មួយ​នេះ បាន​បាញ់​សា​ល្បង​គ្រាប់​មីស៊ីល​ឆ្លង​ទ្វីប​ជា​ថ្មី​ម្ដង​ទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ