យីងឡាក់ ​ថ្លែង​ទាំង​ទឹក​ភ្នែក​ថា អ្នកស្រី​មិន​ដែល​ក្បត់​ប្រទេស​ជាតិ​នោះ​ឡើយ

អតីត​នាយករដ្ឋ​មន្ត្រី​ថៃ អ្នកស្រី យីងឡាក់ ស៊ីណាវ៉ាត់ បាន​ថ្លែង​ទាំង​ទឹក​ភ្នែក​នៅ​ក្នុង​តុលាការ​ក្នុង​ទីក្រុង​បាងកក អំឡុង​ពេល​ធ្វើ​សេចក្ដី​សន្និដ្ឋាន​ចុង​ក្រោយ​នៅ​ថ្ងៃ​នេះ ដោយ​អ្នកស្រី​ថា អ្នកស្រី​មិន​បាន​ធ្វើ​ទង្វើ​មិន​ស្មោះ​ត្រង់​នៅ​ក្នុង​ផែនការ​ស្រូវ​អង្ករ​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ​នោះ​ឡើយ ហើយ​អ្នកស្រី​ថា អ្នកស្រី​កំពុង​ស្ថិត​ក្រោម​ការ​កាត់​ក្ដី​ក្រោម​ឥទ្ធិពល​នយោបាយ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អ្នក​ស្រី យីងឡាក់ កំពុង​ស្ថិត​ក្រោម​​ការ​ចោទ​ប្រកាន់​ថា ធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់​ប្រាក់​ដល់​ទៅ ៨​ពាន់​លាន​ដុល្លារ នៅ​ក្នុង​កម្មវិធី​ស្រូវ​អង្ករ ក្រោម​រដ្ឋបាល​របស់​អ្នកស្រី ប៉ុន្តែ Reuters បាន​ដក​ស្រង់​សម្ដី​អ្នកស្រី យីងឡាក់ ដែល​បាន​ជំទាស់​ថា ផែនការ​ស្រូវ​អង្ករ​នោះ បាន​ផ្ដល់​ផល​ប្រយោជន៍​ដល់​ប្រជាជន​ថៃ។

គោល​នយោបាយ​ស្រូវ​អង្ករ​​នោះ បាន​ជួយ​ឲ្យ​អ្នកស្រី យីងឡាក់ ឈ្នះ​ការ​បោះ​ឆ្នោត​ជាតិ​កាល​ពី​ឆ្នាំ​២០១១។ ជាង​នេះ​ទៅ​ទៀត ផែនការ​ស្រូវ​អង្ករ​នោះ បាន​ស្រូប​យក​កម្លាំង​ពលកម្ម​ជិត ៤០​ភាគ​រយ នៃ​កម្លាំង​ពលកម្ម​ថៃ​ទាំង​មូល។

Reuters បាន​ដក​ស្រង់​សម្ដី​អ្នកស្រី យីងឡាក់ ដែល​បាន​ថ្លែង​ប្រាប់​តុលាការ​ថា គោល​នយោបាយ​ស្រូវ​អង្ករ បាន​បង្ហាញ​នូវ​ផល​ប្រយោជន៍ដល់​សេដ្ឋកិច្ច​នៅ​កម្រិត​មូលដ្ឋាន និង​នៅ​ទូទាំង​ប្រទេស។ អ្នកស្រី​បន្ថែម​ថា គោល​នយោបាយ​ស្រូវ​អង្ករ​នោះ មិន​បាន​ធ្វើ​ឲ្យ​រដ្ឋ​ខាត​បង់​ប្រាក់​នោះ​ឡើយ។

អ្នកស្រី យីងឡាក់ ត្រូវ​បាន​ទម្លាក់​ពី​អំណាច​នៅ​ក្នុង​រដ្ឋ​ប្រហារ​យោធា​មិន​បង្ហូរ​ឈាម​មួយ​កាល​ពី​ខែ​ឧសភា​ ឆ្នាំ​២០១៤ ហើយ​របប​សឹក​បាន​ហាម​ឃាត់​អ្នកស្រី​មិន​ឲ្យ​ពាក់​ព័ន្ធ​នឹង​នយោបាយ​រយៈ​ពេល ៥​ឆ្នាំ ចាប់​តាំង​ពី​ឆ្នាំ​២០១៥​មក ប៉ុន្តែ Reuters ថា អ្នកស្រី​នៅ​តែ​ជា​បុគ្គល​មាន​ប្រជាប្រិយភាព​​នៅ​ក្នុង​ចលនា​របស់​លោក ថាក់ស៊ីន ដែល​បាន​ឈ្នះ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​២០០១៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ