ក្រុមប្រឆាំងឈ្នះក្តីពួកយោធាថៃជាករណីកម្រនាំឲ្យមានការចាប់អារម្មណ៍ខ្លាំង

តុលាការរបស់ថៃ បានសម្រេចច្រានចោលបណ្តឹងប្រឆាំងអតីតនាយករដ្ឋមន្ត្រី​លោក Somchai Wongsawat បងថ្លៃរបស់លោក​ ថាក់ ស៊ីន​ ដែលនេះត្រូវបានគេចាត់ទុកថា ជាករណីកម្រដែល​អ្នកគាំទ្រលោក ថាក់ ស៊ីន ឈ្នះក្តីពួកក្រុមរបបយោធា។​

លោក Somchai ត្រូវបានគេប្តឹងថា បានរំលោភអំណាច ក្នុងការប្រើឥទ្ធិពលបង្ក្រាបបណ្តាលឲ្យមានអ្នកស្លាប់ និង អ្នករងរបួសកាលពីឆ្នាំ២០០៨។​ ក្នុងហេតុការណ៍តវ៉ាកាលពីឆ្នាំ២០០៨ នៅមុខសភាក្រុងបាងកកដែលរៀបចំដោយពួកអាវលឿង មានអ្នកស្លាប់ពីរនាក់ និង រងរបួសរាប់រយនាក់។​ នេះបើតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

ក្នុងអំឡុងពេលតវ៉ានោះ គេបានចោទ លោក Somchai ថា អ្នកអាយ៉ងឬក្រុមដែលស្តាប់តាមការបញ្ជាពីរលោក ថាក់ ស៊ីន​ ជានាយករដ្ឋមន្ត្រីដែលបណ្តេញចេញពីតំណែងកាលពីឆ្នាំ២០០៦។​

លោក ថាក់ ស៊ីន បច្ចុប្បន្នកំពុងរស់នៅបរទេស ដើម្បីគេចចេញពីការជាប់ពន្ធនាគារ ពាក់ព័ន្ធនឹងការចោទថា បានប្រព្រឹត្តអំពើពុករលួយនៅក្នុងតំណែងនាយករដ្ឋមន្ត្រី។​

ក្រកូលស៊ីណាវ៉ាត់ត្រា បានក្លាយចំណុចបញ្ហាជម្លោះនយោបាយ​នៅក្នុងប្រទេសថៃ នៅប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ​ ដែលមានការចោទថា ប្រជាប្រិយភាពនៃត្រកូលសេដ្ឋីនេះ គំរាមកំហែងដល់របបស្តេច។

ក្រោយការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី យីងឡាក់ ប្អូនស្រីរបស់លោក ថាក់ ស៊ីន ចេញពីតំណែងកាលពីឆ្នាំ២០១៤នោះ គឺពួកយោធាបានគ្រប់គ្រងអំណាចយ៉ាងតឹងរឹង ហើយមានការឹតត្បិតខ្លាំងលើក្រុមអ្នកប្រឆាំងពិសេសក្រុមត្រកូល ស៊ីណាវ៉ាត់ត្រា។ ចំណែកករណីតុលាការក្រុងបាងកក សម្រេចឲ្យពួកប្រឆាំងឈ្នះក្តីពួកយោធានេះ នាំឲ្យមាការភ្ញាក់ផ្អើលខ្លាំងពីសំណាក់ក្រុមអ្នកឃ្លាំមើល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ