របាយការណ៍របស់បណ្តុំគ្រឹះស្ថានធនាគារនិងមីក្រូហិរញ្ញវត្ថុបានឲ្យដឹងថា ចំនួនប្រជាពលរដ្ឋខ្មែរដែលជំពាក់បំណុលធនាគារគិតត្រឹមឆ្នាំ២០១៦ មានចំនួនជាង២លាននាក់ ដែលបានខ្ចីប្រាក់ជាង១០ពាន់លានដុល្លារអាមេរិក។
ក្រុមហ៊ុនក្រេឌីតប្សូរ៉ូកម្ពុជា ដែលមានសមាជិកមកពីគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុចំនួន១៣២ ស្ថាប័ន បានបង្ហាញរបាយការណ៍ថា មកដល់ឆ្នាំ២០១៦ ពលរដ្ឋកម្ពុជាចំនួន ២ ០៩៧ ៨៥៣នាក់ បានជំពាក់បំណុលធនាគារក្នុងទឹកប្រាក់ចំនួន ១២,៥ ពាន់លានដុល្លារអាមេរិក ក្នុងនោះរាជធានីភ្នំពេញទទួលកម្ចីសរុបច្រើនជាងគេជាង៥ពាន់លានដុល្លារអាមេរិក ខណៈខេត្តសៀមរាប កណ្តាល បាត់ដំបង កំពង់ចាម មានទឹកប្រាក់កម្ចីចន្លោះពី៥០០ ទៅ១ពាន់លានដុល្លារអាមេរិក។
របាយការណ៍នេះបានឲ្យដឹងបន្ថែមថា ចំនួនអ្នកខ្ចី១ស្ថាប័នមានចំនួន៨៣,១% ពីរស្ថាប័នមាន១៣,៧% បីស្ថាប័នមាន ២,៨% និងច្រើនជាងបីស្ថាប័នមាន ០,៤%។
ទីប្រឹក្សាសេដ្ឋកិច្ចជាន់ខ្ពស់របស់ក្រុមហ៊ុន Emerging Markets Consulting (EMC) លោក ង៉ែត ជូ មានប្រសាសន៍ថាអត្រាកម្ចីនេះមានកម្រិតខ្ពស់បើគិតទៅនឹងចំនួនគ្រួសារ ដែលបង្ហាញថាគ្រួសារកម្ពុជាជាង៦០% កំពុងជំពាក់បំណុលធនាគារ។ ដោយសារចំណេះដឹងពីបំណុលរបស់ពលរដ្ឋកម្ពុជាមួយចំនួនធំ នៅមានកម្រិតនៅឡើយនោះ លោកបារម្ភថាភាគច្រើននៃបំណុលគឺកំពុងក្លាយជាគ្រោះថ្នាក់សម្រាប់អ្នកខ្ចី។
លោកថា៖ «តាមការស្រាវជ្រាវ ២ឆ្នាំ៣ឆ្នាំចុងក្រោយជាប់គ្នានេះបង្ហាញថាមានតែពលរដ្ឋត្រឹម១៧ ទៅ១៨ភាគរយទេដែលគាត់មានចំណេះដឹងមូលដ្ឋានផ្នែកខាងហិរញ្ញវត្ថុ មានន័យថាចេះចាត់ចែងលុយកាក់មានចំណេះដឹងសមស្របណា។ អញ្ចឹងមាន៨០%ជាងដែលគាត់អត់មានចំណេះដឹងហិរញ្ញវត្ថុ ការចាត់ចែងលុយកាក់ហ្នឹងមិនសមស្រប អញ្ចឹងវាជាការបារម្ភធំមួយដែរ»។
លោក ង៉ែត ជូ ជម្រុញឲ្យមានកម្មវិធីអប់រំការយល់ដឹងពីហិរញ្ញវត្ថុដែលកំពុងមានស្រាប់នាពេលបច្ចុប្បន្នឲ្យខ្លាំងក្លាបន្ថែមដើម្បីបញ្ចៀសបញ្ហានេះនាពេលខាងមុខ។
គួរបញ្ជាក់ផងដែរថា ដើម្បីលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋពីការប្រើប្រាស់ហិរញ្ញវត្ថុ ធនាគារជាតិ ជាមួយអង្គការ Good return និងក្រសួងអប់រំបានរៀបចំឲ្យមានវីដេអូខ្លី និងសៀវភៅអប់រំ ដោយបានផ្សព្វផ្សាយលើទូរទស្សន៍ វិទ្យុ និងបណ្តាញសង្គមដែលកំពុងតែផ្សព្វផ្សាយ ជាមួយនឹងវិធានការរបស់ធនាគារដើម្បីបង្កើនចំណេះដឹង និងធានាថាប្រាក់ដែលប្រជាពលរដ្ឋបានខ្ចីត្រូវបានយកទៅប្រើប្រាស់ចំគោលដៅ និងអាចសងត្រលប់មកវិញបាន៕