លោក ញឹក ប៊ុនឆៃ ត្រូវបានចោទប្រកាន់ជាផ្លូវការពីបទសមគំនិតក្នុង​​​​​​​​បទល្មើសគ្រឿងញៀន

ប្រធានគណបក្សខ្មែររួបរួមជាតិ លោក ញឹក ប៊ុនឆៃ (រូបភាព Fresh News)

មេដឹកនាំ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការនៅ​រសៀល​ថ្ងៃ​នេះ បន្ទាប់​ពី​ត្រូវ​បាន​សាក​សួរ​អស់​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​មក​នោះ។

អតីត​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​រូប​នេះ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​មក​នេះ ដោយ​សមត្ថកិច្ច​ថា មាន​ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​​កាល​ពី ១០​ឆ្នាំ​មុន។

អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​រាជា​និយម​ហ្វ៊ុនស៊ិនប៉ិច​រូប​នេះ ត្រូវ​បាន​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​សាក​សួរ​តាំង​ពី​ថ្ងៃ​ម្សិល​មិញ​ម៉្លេះ។

ក្នុង​សេចក្ដី​ថ្លែងការណ៍​នៅ​រសៀល​ថ្ងៃ​នេះ អ្នក​នាំ​ពាក្យ​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​ពី​បទ​សម​គំនិត​ក្នុង​បទ​ល្មើស​ផលិត​គ្រឿង​ញឿន និង​នាំ​ចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿង​ញៀន។

អ្នក​នាំ​ពាក្យ​សាលា​រាជ​ធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែងការណ៍​នោះ​បន្ថែម​ថា សំណុំ​រឿង​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​បញ្ជូន​ទៅ​ចៅក្រម​ស៊ើប​សួរ ដើម្បី​ចាត់​ការ​បន្ត​ទៅ​តាម​នីតិវិធី​ច្បាប់។

បើ​តាម​សេចក្ដី​ថ្លែងការណ៍​នោះ ការ​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ អាយុ ៥៩​ឆ្នាំ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​ទណ្ឌិត​ជន​ជាតិ​ចិន​ឈ្មោះ ជា ជុង បាន​សារភាព​ និង​រៀបរាប់​ឈ្មោះ​អ្នក​នៅ​ក្រោយ​នៃ​ការ​ផលិត​គ្រឿង​ញៀន កាល​ពី​ឆ្នាំ​២០០៧ នៅ​ឯ​ភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។

ទោះជាយ៉ាងណា​ក៏​ដោយ ការ​ចាប់​ខ្លួន និង​ចោទ​ប្រកាន់​​លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​លេច​ធ្លាយ​ដំណឹង​ថា ឧត្ដមសេនីយ៍​ផ្កាយ ៤​រូប​នេះ មាន​បំណង​ចុះ​ចូល​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​នាំ​ឲ្យ​មាន​ការ​ចោទ​ថា លោក​មិន​ស្មោះ​ត្រង់​នឹង​គណបក្ស​កាន់​អំណាច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ