ពលរដ្ឋដែលមានទំនាស់ដីធ្លី មកពីសហគមន៍ចំនួន៣ នៅខេត្តស្វាយរៀង បានឡើងមកដាក់ញាត្តិនៅទីស្តីការគណរដ្ឋមន្ត្រីសុំឲ្យលោក ហ៊ុន សែន អន្តរាគមន៍ទៅកាន់មន្ត្រីថ្នាក់ក្រោម ដោះស្រាយបញ្ហាដីធ្លីដែលពួកគេកំពុងជួបប្រទះ។
នៅព្រឹកថ្ងៃទី៧ សីហានេះ ពលរដ្ឋជិត១០០នាក់ដែលថាតំណាងឲ្យ ១៧៣៥គ្រួសារ នៅសហគមន៍ សាមគ្គីចេកមាស សហគមន៍សាមគ្គីរមាសហែក និងសហគមន៍អណ្តូងត្របែក ក្នុងស្រុកមាសហែក បានដាក់ញាត្តិទាមទារឲ្យមន្ត្រីថ្នាក់ក្រោម បញ្ឈប់ការគំរាមកំហែង និងដោះស្រាយបញ្ហារំលោភបំពានដីធ្លីពីសំណាក់ក្រុមហ៊ុន និងអាជ្ញាធរមានអំណាច ទៅលើដីចំនួន៨៧៥.៩២ ហិកតាដែលសហគមន៍ទាំង៣កំពុងជួបប្រទះ។
តំណាងសហគមន៍អណ្តូងត្របែកលោក ឡូញ ថា មានប្រសាសន៍ថា ដីសហគមន៍របស់លោកត្រូវបានអាជ្ញាធរមកឈូសឆាយបំពានយកជាង២៥០ហិកតាកាលពីខែមេសា ឆ្នាំ២០១៧ ដោយថាការឈូសឆាយនេះគឺឡើងតាមស.ជ.ណ របស់ទីស្តីការគណៈរដ្ឋមន្ត្រីធ្វើជាដីសម្បទានសង្គមកិច្ច សម្រាប់យោធិន និងនគរបាល ខណៈដែលស.ជ.ណ នោះកំណត់ត្រឹមតែ៥៥.៣០ហិកតាប៉ុណ្ណោះ។
លោកថា៖ « ដីសហគមន៍ខ្ញុំគឺមាន២៥០ហិកតា តែដល់ពេលឥឡូវគាត់ឈូសទាំងអស់ គាត់ថាជាដីបំរុងរបស់ខេត្តអញ្ចឹងគេយកទាំងអស់។ គេយកសាងសង់ផ្ទះឲ្យយោធិនចូលនិវត្តន៍ យោធិនពិការ សម្រាប់អ្នកក្រីក្រអញ្ចឹងណា។ ដល់អញ្ចឹងគេថាយកតែ ៣៥.៤០ហិចតាទេ តែឥឡូវគេឈូសទាំងអស់ » ។
តំណាងពលរដ្ឋសហគមន៍រងគ្រោះមួយករណីទៀតអ្នកស្រី ម៉ម ស៊ីណា ថានៅប៉ុន្មានខែមុននេះ អាជ្ញាធរស្រុករមាសហែក និងថ្នាក់ខេត្ត ជាមួយក្រុមហ៊ុនវៀតណាម មកគំរាមកំហែង និងឈូសឆាយដីនៅ ឃុំអំពិល ដែលពលរដ្ឋធ្លាប់ដាំដំណាំជាយូរមកហើយ ដែលធ្វើឲ្យពួកគេជួបការលំបាកជាខ្លាំងនៅពេលនេះ។ អ្នកស្រីចង់ឲ្យនាយករដ្ឋមន្ត្រី អន្តរាគមន៍ទៅថ្នាក់ខេត្ត និងស្រុក អនុញ្ញាតឲ្យពួកគេបានអាស្រ័យផលវិញ និងផ្តល់ប័ណ្ណកម្មសិទ្ធិជូនប្រជាសហគមន៍ទាំងនោះផងដែរ។
អ្នកស្រីថា៖ « ខ្ញុំមានបញ្ហាជាមួយអភិបាល(រង)ខេត្តហ្នឹង គាត់គំរាម(យកដី)ពួកខ្ញុំឲ្យទៅ ខាងក្រុមហ៊ុននោះធ្វើដល់អញ្ចឹងពួកខ្ញុំមិនព្រមក៏ឡើងមកក្រសួង(ទីស្តីការគណៈរដ្ឋមន្ត្រី) ឲ្យគាត់ជូយដោះស្រាយឲ្យប្រជាពលរដ្ឋ។ ចង់ឲ្យដោះស្រាយដោយចេញប័ណ្ណកម្មសិទ្ធិ និងទាមទារដីនោះឲ្យប្រជាពលរដ្ឋវិញ » ។
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រី គឺលោក សេង សាវន ដែលបានចេញមកទទួលញាត្តិ បានសន្យាថាលោកនឹងយកញាត្តិនេះទៅពិនិត្យពិភាក្សាជាមួយភាគីពាក់ព័ន្ធ ហើយការវិវត្តន៍យ៉ាងណានោះលោកនឹងជូនដំណឹងទៅកាន់ពលរដ្ឋតាមក្រោយ។
មន្ត្រីសម្របសម្រួលសហគមន៍ CCFC ដែលបានតាមដានករណីនេះលោក ម៉ឺន រតនា ថា ពលរដ្ឋបានមកដាក់ញាត្តិនៅទីស្តីការនេះលើកទីពីរហើយបន្ទាប់ពីញាត្តិមុន គ្មានការឆ្លើយតបណាមួយដែលអាចធ្វើឲ្យពលរដ្ឋមានសង្ឃឹមពីដំណោះស្រាយបាន រហូតធ្វើឲ្យពលរដ្ឋតវ៉ាមួយចំនួនជាប់បណ្តឹងទៀតផង។ លោកថាករណីនេះរដ្ឋាភិបាលគួរតែពិនិត្យដោះស្រាយឲ្យបានចប់ជៀសវាងបន្តករណីនេះនៅអូសបន្លាយពេលច្រើន ព្រោះថាបើទោះបីត្រូវការយកដីទៅធ្វើសម្បទាន គួរណាស់តែរដ្ឋាភិបាលពិនិត្យផ្តល់សំណងសមរម្យជូនពួកគាត់ជៀសវាងធ្វើឲ្យពួកគាត់នៅតវ៉ាដូចនេះ។
លោកថា៖ « កសិករត្រូវការដីសម្រាប់ធ្វើកសិកម្ម និងដើម្បីរស់នៅ តែនៅពេលដែលរដ្ឋាភិបាលផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនដោយមិនបានវាយតម្លៃឲ្យបានច្បាស់លាស់អញ្ចឹង។ វាប៉ះពាល់ដីសម្រាប់ធ្វើស្រែរបស់ប្រជាពលរដ្ឋអញ្ចឹងហើយវាធ្វើឲ្យពលរដ្ឋបាត់បង់ដីសម្រាប់ធ្វើស្រែ ហើយធ្វើឲ្យគាត់ធ្វើចំណាកស្រុក ហើយកូនក៏មិនបានចូលរៀនទៀត» ។
ទោះជាយ៉ាងណា ពលរដ្ឋទាំងនោះក៏បានបន្តទៅរកការអន្តរាគមន៍ពីក្រសួងដែនដីផងដែរដើម្បីស្វែងរកការដោះស្រាយបន្ថែម។ ពួកគេបញ្ជាក់ថានឹងបន្តដាក់ញាត្តិតវ៉ាបន្ថែមទៀតរហូតទាល់តែមានដោះស្រាយ៕