រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក អ៊ីតស៊ូណូរី អូណូដឺរ៉ា បានលើកឡើងថា ជប៉ុនអាចនឹងបាញ់ស្កាត់គ្រាប់មីស៊ីលកូរ៉េខាងជើងដោយស្របច្បាប់ ប្រសិនបើកូរ៉េខាងជើងពិតជាបាញ់គ្រាប់មីស៊ីលសំដៅទៅកោះហ្គាំមែននោះ។ នេះដោយយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters។
Reuters បានចុះផ្សាយបន្តសម្ដីរបស់រដ្ឋមន្ត្រីការពារជាតិជប៉ុន ដែលត្រូវបានដកស្រង់សម្ដីដោយទីភ្នាក់ងារជប៉ុនឃ្យូដូ នៅថ្ងៃនេះ។
លោក អូណូដឺរ៉ា បានថ្លែងប្រាប់គណៈកម្មាធិការសភានៅថ្ងៃនេះថា ជប៉ុននឹងត្រូវបានអនុញ្ញាតឲ្យបាញ់កម្ទេចគ្រាប់មីស៊ីលដែលហោះសំដៅទៅដែនដីប៉ាស៊ីហ្វិក ប្រសិនបើត្រូវបានរកឃើញថា វាជាការគំរាមកំហែងដល់ជប៉ុន។ លោកថា នេះគឺជាការបញ្ជាក់ជំហររបស់រដ្ឋាភិបាលជប៉ុន។
ក្រុមអ្នកជំនាញបាននិយាយថា ជប៉ុនសព្វថ្ងៃនេះ មិនមានសមត្ថភាពបាញ់ទម្លាក់គ្រាប់មីស៊ីលហោះរំលងដែនដីរបស់ខ្លួនទៅកាន់កោះហ្គាំនោះឡើយ៕