រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុថ្លែងនៅថ្ងៃសុក្រនេះថា មន្ត្រីពាក់ព័ន្ធរបស់រដ្ឋាភិបាលបច្ចុប្បន្នប្តេជ្ញាធ្វើការងាររួមគ្នាដើម្បីលើកស្ទួយសេដ្ឋកិច្ចកម្ពុជាឲ្យទទួលចំណូលបានកើនឡើងខ្ពស់ នៅក្នុងឆ្នាំ២០៥០។
នៅក្នុងពិធីតែងតាំងលោក សុខ ទូច ជាប្រធានរាជបណ្ឌិតសភា និងតែងតាំងលោក អូន ព័ន្ធមុនីរ័ត្ន បច្ចុប្បន្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ឲ្យទទួលតំណែងជាប្រធានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យនៅថ្ងៃនេះ ដែលមានលោក ហ៊ុន សែន ចូលរួមដែរនោះ លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថាការតែងតាំងមុខតំណែងតួនាទីថ្មីនេះ ជាផ្នែកមួយជួយជំរុញឲ្យមន្ត្រីពាក់ព័ន្ធប្រឹងប្រែងធ្វើការរួមគ្នា ដើម្បីបង្កើនចំណូលឲ្យបានមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង ឈានដល់ចំណូលខ្ពស់នៅឆ្នាំ២០៥០។
លោក អូន ព័ន្ធមុនីរ័ត្ន ថ្លែងថា ថ្មីៗនេះកម្ពុជាបានឆ្លងផុតពីប្រទេសទទួលចំណូលកម្រិតទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ខណៈរបាយការណ៍របស់រដ្ឋាភិបាលបានបញ្ជាក់ថា ពលរដ្ឋកម្ពុជាទទួលបានចំណូលមធ្យមក្នុងម្នាក់១៣០០ដុល្លារអាមេរិក ក្នុង១ឆ្នាំ៕