អ្នកនាំពាក្យក្រសួងមហាផ្ទៃថ្លែងថា អ្នកផ្សេងៗទៀតក៏អាចនឹងត្រូវចាប់ខ្លួនបន្តបន្ទាប់ទៀតដែរ បន្ទាប់ពីប្រធានគណបក្សអំណាចខ្មែរ ដោយលោកថា ប្រសិនជា អ្នកទាំងនោះ នៅតែបន្តប្រមាថកងទ័ពជាតិពាក់ព័ន្ធការដោះស្រាយជម្លោះជាមួយប្រទេសជិតខាងនៅពេលថ្មីៗនេះ។
ប្រធានគណបក្សអំណាចខ្មែរលោក សួន សេរីរដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃអាទិត្យនេះ ក្រោយពេលលោករិះគន់ថា បើសង្គ្រាមរវាងកម្ពុជា និងឡាវផ្ទុះឡើង នោះទាហានជាកូនពលរដ្ឋនឹងស្លាប់ដូចជម្លោះព្រំដែនជាមួយថៃ ចំណែកអ្នកបានផលមេទ័ពឬ ដាក់ថ្នាក់ដឹកនាំ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ចាត់ទុកការថ្លែងរបស់លោក សួន សេរីរដ្ឋាថា ជាការប្រមាថដល់កងទ័ពជាតិ ខណៈលោកថា កងព័ទជាអ្នកលះបង់ជីវិតដើម្បីសេចក្តីសុខពលរដ្ឋ។ លោកបន្តថា ក្រៅពីលោក សួន សេរីរដ្ឋា អ្នកផ្សេងៗទៀតក៏មានការប្រមាថដល់កងទ័ពដែរ ហើយលោក អំពាវនាវឲ្យមានការបញ្ឈប់បន្ទាប់ បើមិនដូច្នោះទេ នឹងមានការចាប់ខ្លួនបន្តទៀត។
លោកថ្លែង៖ «អ្នកផ្សេងទៀតបើនៅតែចឹង ទោះគុកយឺតយ៉ាងណាក៏ដោយក៏ចាប់ញាត់គុកទាំងអស់ដែរ កុំឲ្យវារញ៉េរញ៉ៃផ្តេសផ្តាសពេក»។
លោក ខៀវ សុភ័គ ក៏បានអំពាវនាវឲ្យសាធារណជនយល់ថា ការប្រឹងប្រែងរបស់កងព័ទគឺដើម្បីជាតិមិនមែនដើម្បីគណបក្សណាមួយទេ។ លោក បញ្ជក់ទៀតថា ជម្លោះជាមួយឡាវនោះ ជាជម្លោះពិត មិនមែនធ្វើឡើងដើម្បីសន្លឹកឆ្នោតទេ។
លោកថ្លែងថា៖ «ព្រឹត្តិការណ៍កើតឡើងកន្លងមកនេះ ជាព្រឹត្តិការណ៍ពិតជាក់ស្តែងហើយ មិនមែនដូចគេថា ច្នៃបង្កើតឡើង ដើម្បីសន្លឹក ឆ្នោតសន្លឹកស្អីនោះមិនមែនគេចង់បានអាហ្នឹងទេ។ សន្លឹកឆ្នោត ជារឿងផ្សេងទៀត ឲ្យដឹងថា កងទ័ពយើងជាកូនចៅរបស់យើង»។
កាលពីយប់ថ្ងៃសុក្រ លោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យបញ្ជូនកម្លាំងទ័ពចេញពីក្រុងតាខ្មៅឆ្ពោះទៅកាន់ព្រំដែនជាមួយឡាវ ក្រោយពីលោកព្រមាន វាយបណ្តេញទ័ពឡាវចេញពីទឹកដីនៅព្រំដែន។ សកម្មភាពបញ្ជូនទ័ពទៅព្រំដែននេះ ត្រូវបានមហាជនមួយចំនួនគាំទ្រ និងបានសរសើរថា ជាភាពក្លាហាន ការពារបូរណភាពទឹកដី ប៉ុន្តែក៏មានអ្នកខ្លះទៀតថា ជាឆាកល្ខោនរបស់រដ្ឋាភិបាល ដើម្បីយកប្រជាប្រិយភាពសម្រាប់ការបោះ ឆ្នោតឆ្នាំក្រោយ៕