ចិន​ប្រកាស​ហាម​ឃាត់​ការ​នាំ​ចូល​រ៉ែ​ដែក និង​គ្រឿង​សមុទ្រ​ពី​កូរ៉េ​ខាង​ជើង

ប្រទេស​ចិន​បាន​ប្រកាស​ថា ខ្លួន​នឹងបញ្ឈប់​ការ​នាំ​ចូល​រ៉ែ​ដែក លោហៈ​ធាតុ និង​គ្រឿង​សមុទ្រ​ពី​កូរ៉េ​ខាង​ជើង​ ចាប់​ពី​ថ្ងៃ​ម្សិលមិញ​នេះ ដែល​បង្ហាញ​ថា ចិន​អនុវត្ត​ទៅ​តាម​ទណ្ឌកម្ម​ថ្មី​របស់​អង្គការ​សហ​ប្រជាជាតិ បន្ទាប់​ពី​អាមេរិក​ដាក់​សម្ពាធ​ទៅ​លើ​ក្រុង​ប៉េកាំង ឲ្យ​ដាក់​ពិន័យ​ទៅ​លើ​ក្រុង​ព្យុងយ៉ាង​ដែល​ជា​សម្ព័ន្ធ​របស់​ខ្លួន ជុំ​វិញ​កម្មវិធី​នុយក្លេអ៊ែរ។ នេះ​ដោយ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

AFP បន្ត​ថា ការ​សម្រេច​ចិត្ត​បែប​នេះរបស់​ចិន ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ ក្រោយ​ពី​មេដឹកនាំ​អាមេរិក លោក ដូណាល់ ត្រាំ និង​មេដឹកនាំ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​ផ្ដោះ​ផ្ដង​សង្គ្រាម​ពាក្យ​សម្ដី​នឹង​គ្នា​កាន់​តែ​ខ្លាំង ដែល​ជំរុញ​ឲ្យ​អន្តរជាតិ​ព្រួយ​បារម្ភ​អំពី​វិបត្តិ​នា​ពេល​ខាង​មុខ។

ក្រុង​ប៉េកាំង​បាន​ប្ដេជ្ញា​អនុវត្ត​ឲ្យ​បាន​ពេញ​លេញ​ទៅ​តាមទណ្ឌកម្ម​ថ្មី​បំផុត​ដាក់​លើ​កូរ៉េ​ខាង​ជើង បន្ទាប់​ពី​អាមេរិក បាន​ចោទ​ចិន​ថា មិន​បាន​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​ទប់​ស្កាត់​កូរ៉េ​ខាង​ជើង ខណៈ​ដែល​ក្រុង​ព្យ៉ាង​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​ទៅ​លើ​មហាយក្ស​សេដ្ឋកិច្ច​អាស៊ី​មួយ​នេះ ដើម្បី​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​របស់​ខ្លួន​បន្ត​មាន​ជីវិត។

AFP បាន​ដក​ស្រង់​ខ្លឹមសារ​នៃ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន ដែល​និយាយ​លើ​វេបសាយ​ខ្លួន​ថា រាល់​ការ​នាំ​ចូល​រ៉ែ​ធ្យូង​ថ្ម រ៉ែ​ដែក លោហៈ និង​គ្រឿង​សមុទ្រ នឹង​ត្រូវ​ហាម​ឃាត់​ទាំង​ស្រុង ចាប់​ពី​ថ្ងៃ​ម្សិល​មិញ​នេះ។ តាម​ការ​ពិត ចិន​បាន​ប្រកាស​ផ្អាក​​ការ​នាំ​ចូល​ធ្យូង​ថ្ម​ពី​កូរ៉េ​ខាង​ជើង​រួច​មក​ហើយ​កាល​ពី​ខែ​កុម្ភៈ​កន្លង​មក​នេះ។

តាម​រយៈ​ទណ្ឌកម្ម​ថ្មី​នេះ ក្រុង​ព្យុងយ៉ាង​នឹង​ខាត​បង់​ថវិកា ១​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ នៅ​ក្នុង​ជំនួញ​នាំ​ចេញ​រ៉ែ និង​គ្រឿង​សមុទ្រ​ចូល​ទៅ​ប្រទេស​ចិន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ