ក្រោយប្រកាសសាលក្រម កាលពីរសៀលថ្ងៃ១៥សីហា កញ្ញា សុខ ចិន្តា ហៅវ៉ានីឡា និងគ្រួសារបានបង្ហាញការសាទរយ៉ាងខ្លាំង ដោយអះអាងថា នេះជាសាលក្រមមួយដែលយុត្តិធម៌ បើទោះជាតុលាការ បានកំណត់អោយនាងទទួលថ្លៃខូចខាតការងារបានត្រឹមតែ២០០លានរៀល។
យ៉ាងណាមិញ នាងមិនបានដឹងថា តើរហូតដល់ពេលណាទើបការអនុវត្តសាលក្រមនិងត្រូវលេចឡើងនោះទេ ទើបនាងបង្ហាញការអន្ទះសារយ៉ាងខ្លាំង និងទទូចសុំអោយតុលាការធ្វើការអនុវត្តសាលក្រមអោយបានឆាប់ដោយសារតែនាងនៅតែមានអារម្មណ៍ថា មិនស្រឡះចិត្តប្រសិនបើសាលក្រមតុលាការបានចេញមកហើយ ប៉ុន្តែការអនុវត្តនៅតែមិនមានភាពច្បាស់លាស់។
យោងតាមការប្រកាសរបស់តុលាការបានចេញសេចក្ដីប្រកាសថា សុំណុំរឿងកញ្ញា សុខ ចិន្តា ឬវ៉ានីឡា ជុំវិញរឿងក្ដីរបស់នាងពីបទបង្ហោះរូបអាក្រាត និងគំរាមកំហែង ថា តុលាការសម្រេចលើពីរចំណុច ទី១ គឺ ផ្តន្ទាទោសឈ្មោះ គុយ សិទ្ធិសក្ត័ ភេទប្រុស ដែលជាអតីតសង្សាររបស់នាង អោយជាប់គុករយៈពេល១ឆ្នាំ និងទី២ គឺកំណត់អោយឈ្មោះ គុយ សិទ្ធិស័ក្ត ដដែលនេះ បង់សំណងជម្ងឺចិត្ត ចំនួន២០០លានរៀល អោយភាគីជនរងគ្រោះ។
យ៉ាងណាមិញ ក្រោយការប្រកាសសាលក្រម គេមិនឃើញតុលាការកំណត់នៅក្នុងឯកសារណាមួយដើម្បីថា យ៉ាងយូររហូតដល់ពេលណានឹងត្រូវអនុវត្តសាលក្រមនោះទេ ដោយបានត្រឹមតែប្រកាសថា នឹងទុកពេលអោយភាគីលោក គុយ សិទ្ធិស័ក្ដ ធ្វើការប្ដឹងជំទាស់។ លោក សុខ ជំនោរ ក៏បានបញ្ជាក់ថា មិនដឹងថា រហូតដល់ពេលណាទើបអាចសាលក្រមដែលបានប្រកាសនឹងត្រូវអនុវត្តនោះដែរ ដោយគ្រាន់តែលោកបញ្ជាក់ថា ខាងតុលាការ និងខាងមេធាវីមិនទាន់ផ្ដល់ចម្លើយ។
យ៉ាងណាមិញ លោកថា សប្បាយចិត្តដែលឈ្មោះ គុយ សិទ្ធិស័ក្ដ ត្រូវបានប្រកាសថា ជាជនល្មើសនិងមានពិរុទ្ធ ដែលលោកបញ្ជាក់ថានេះ គឺជាអ្វីដែលលោក និងក្រុមគ្រួសារចង់បាន។ លោកបានថ្លែងថា ក្រោយប្រកាសអោយអ្នកធ្វើអោយប្អូនស្រីរបស់លោកឈឺចាប់ ជាប់គុក គឺលោកសប្បាយចិត្ត ហើយក៏មានន័យថា យុត្តិធម៌ដែលលោក និងប្អូនស្រីចង់បានលេចឡើងរូបរាងផងដែរតាមរយៈការកំណត់អោយជាប់ទោស១ឆ្នាំ និងបង់សំណងចំនួន២០០លានរៀល។
លោកថា រូបលោកពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលអាចទទួលបានយុត្តិធម៌ ពីអ្វីដែលបានប្ដឹង ហើយលោកក៏មិនខ្វល់រឿងសំណងបានស្មើនឹងការទាមទារ ដែលបានកំណត់ក្នុងបណ្ដឹងរហូតដល់៥០ម៉ឺនដុល្លារនោះ ឬក៏យ៉ាងណាដែរ តែអ្វីដែលលោកចង់បាន គឺចង់អោយតុលាការកំណត់ថាឈ្មោះ គុយ សិទ្ធិស័ក្ដ ជាជនល្មើស និងត្រូវតែជាប់គុក បើទោះជាក្នុងរយៈពេលវែងឬខ្លី។
មិនខុសគ្នាដែរ កញ្ញា វ៉ានីឡា ក៏បានបញ្ជាក់ថា រូបនាងសប្បាយចិត្តនូវអ្វីដែលបានបញ្ជាក់នៅក្នុងសាលក្រុមតុលាការនោះផងដែរដោយនាងបានទាំងចេញជាវីដេអូឃ្លីបអរគុណចំពោះស្ថាប័នពាក់ព័ន្ធជុំវិញការកាត់ក្ដី និងថាអ្វីដែលបានប្រកាសឡើងគឺជាការផ្ដល់នូវអ្វីដែលនាងចង់បាន១០០ភាគរយនោះផង។ នាងថា ខ្លួនមានការសប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែក៏មានការអន្ទះសារចំពោះពេលវេលា ដែលតម្រូវអោយអតីតសង្សាររបស់នាងជាប់គុកផ្លូវការ ដើម្បីអោយជនដែលធ្វើអោយនាងឈឺចាប់បានទទួលនូវអ្វីដែលបានបង្កនោះឡើយ។
នាងថា ពេលនេះនាងបានយុត្តិធម៌តាមការចង់បានហើយ ប៉ុន្តែដរាបណាឈ្មោះ គុយ សិទ្ធិស័ក្ដ មិនត្រូវបានតុលាការដាក់បញ្ចូលក្នុងគុគ គឺនាងនៅតែមិនអស់ចិត្តដោយសារតែភាពជាក់ស្ដែងក្រោយការប្រកាសសាលក្រមខ្លះ គឺត្រូវបានអូសបន្លាយរយៈពេលយូរឆ្នាំ ដោយជនល្មើសនៅតែនៅក្រៅឃុំ ដែលអាចនិយាយបានថា មិនមានការអនុវត្តសាលក្រមអោយបានជាក់លាក់។
នាងនៅតែអះអាងថា ចង់ឃើញអតីតសង្សាររបស់ខ្លួនជាប់គុកផ្ទាល់នឹងភ្នែក ហើយពិតជាជាប់រយៈពេល១ឆ្នាំ ដូចអ្វីដែលបានប្រកាសឡើងមែនទើបនាងអស់ចិត្ត។ នាងប្រកាសឃ្លាំមើលចំពោះការអនុវត្តលើការអនុវត្តសាលក្រមនេះបន្តទៀត ដោយមិនមែនគ្រាន់តែតុលាការចេញសាលក្រម ហើយក៏សប្បាយចិត្តភ្លេចខ្លួន ក្នុងពេលដែលអតីតសង្សាររបស់នាងស្ថិតនៅក្រៅឃុំយ៉ាងសប្បាយនោះទេ។
គួរបញ្ជាក់ថា កញ្ញា វ៉ានីឡា បានដាក់បណ្ដឹងទៅលើឈ្មោះ កុយ សិទ្ធស័ក្ត ជាអតីតគូស្នេហ៍ ពីបទហិង្សានិងបង្ហោះរូបអាក្រាតប្រមាណជារយៈពេលជាង១ឆ្នាំមកហើយ ដោយបណ្ដឹងរបស់នាងទើបនឹងបានតុលាការប្រកាសសាលក្រមកាលពីរសៀលថ្ងៃទី១៥ សីហានេះ ដោយកំណត់ទោសជនល្មើ១ឆ្ នាំនិងអោយបង់ជំងឺចិត្ត២០០លានរៀល ក្នុងពេលដែលតាំងពីមុនប្រកាសសាលក្រមនិងពេលប្រកាសសាលក្រម គឺភាគីខាងលោក គុយ សិទ្ធិស័ក្ដ នៅតែមិនដែលបានបង្ហាញខ្លួននៅតុលាការនៅឡើយ។ ដូច្នេះហើយទើបនៅតែមានការបារម្ភបន្ថែមទៀត ប្រសិនក្រោយប្រកាសសាលក្រម ហើយពន្យារពេលអនុវត្តដោយមិនមានកំណត់៕