ចៅស្រីច្បងរបស់ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ គឺព្រះនាង ម៉ាកុ និងមិត្តប្រុសរបស់ព្រះនាង លោក កេអ៊ិ កូមូរ៉ូ នឹងប្រកាសជាសាធារណៈនូវការភ្ជាប់ពាក្យរបស់ពួកគេនៅថ្ងៃទី០៣ ខែកញ្ញាខាងមុខនេះ។ នេះដោយយោងតាមការសេចក្ដីរាយការណ៍របស់សារព័ត៌មាន Channel News Asia។
សារព័ត៌មានសិង្ហបុរីបានចុះផ្សាយដូច្នេះ ដោយផ្អែកទៅតាមសេចក្ដីប្រកាសព័ត៌មានរបស់ទីភ្នាក់ងាររាជវាំងជប៉ុន នៅថ្ងៃនេះ។
កាសែត Japan Times បានរាយការណ៍ថា ពិធីភ្ជាប់ពាក្យនេះ ត្រូវបានគ្រោងធ្វើឡើងនៅខែកក្កដាកន្លងមក ប៉ុន្តែ ត្រូវបានពន្យាពេលទៅវិញ។ កាសែតនេះ បានចុះផ្សាយបន្តថា សេចក្ដីប្រកាសព័ត៌មានថ្មីនេះ គឺច្បាស់លាស់ បន្ទាប់ពីគ្រួសាររាជវង្សជប៉ុនបានកំណត់ពេលវេលាជាក់លាក់រួចមកហើយនោះ។
គូស្នេហ៍ទាំងពីររូបនេះ ដែលមានវ័យ ២៥ឆ្នាំដូចគ្នានោះ បានជួបគ្នាតាំងពី ៥ឆ្នាំមកម៉្លេះ នៅពេលពួកគេជានិស្សិតសិក្សានៅសាកលវិទ្យាល័យគ្រីស្ទានអន្តរជាតិ នៅទីក្រុងតូក្យូ។
លោក កូមូរ៉ូ ដែលបម្រើការនៅឯក្រុមហ៊ុនច្បាប់មួយក្នុងទីក្រុងតូក្យូនោះ ត្រូវបានរាយការណ៍ថា បានមានទំនាក់ទំនងនឹងព្រះនាង ម៉ាកូ កាលពីមួយឆ្នាំមុន។
បើតាមកាសែតជប៉ុន អាពាហ៍ពិពាហិ៍របស់ពួកគេ គ្រោងធ្វើឡើងនៅឆ្នាំ២០១៨ បន្ទាប់ពីព្រះនាង ម៉ាកូ បោះបង់ឋានៈរបស់ព្រះនាងនៅក្នុងរាជវង្សជប៉ុន ទៅតាមច្បាប់របស់ប្រទេសនេះ៕