លោក ញឹក ប៊ុនឆៃ ដែលកំពុងជាប់ឃុំ បានសារភាពកំហុស ដោយថាលោកបានប្រព្រឹត្តមិនគប្បី ចំពោះលោក ហ៊ុន សែន ហើយនាំមកនូវការលំបាកនិងខូចខាតប្រយោជន៍រួមរបស់គណបក្សខ្មែររួបរួមជាតិ។
ក្នុងលិខិតដែលធ្វើនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៧ លោក ញឹក ប៊ុនឆៃ បានសរសេរថា «ខ្ញុំសូមគោរពសម្តែងជូន នូវការសារភាពកំហុសទាំងស្រុង ដោយស្មោះស្ម័គ្រ និងសុទ្ធចិត្ត ដែលបានប្រព្រឹត្តមិនគប្បីចំពោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា […] ដែលជាផលវិបាក នាំមកនូវការខូចខាតប្រយោជន៍រួម របស់គណបក្សខ្មែររួបរួមជាតិ ដែលបងប្អូនបានកសាងរួមគ្នា ធ្វើឱ្យប៉ះពាល់ដល់ជីវភាពរបស់បងប្អូន ដែលបានបាត់បង់តួនាទី មុខតំណែង និងប៉ះពាល់ដល់អនាគត ព្រមទាំងប្រឈមនឹងការលំបាកជាយថាហេតុ»។
ក្នុងលិខិតដដែល លោក ញឹក ប៊ុនឆៃ ក៏បានសុំការយោគយល់ពីសមាជិករបស់គណបក្សខ្មែររួបរួមជាតិ និងឲ្យសម្រេចជោគវាសនាបក្សតាមបែបប្រជាធិបតេយ្យ។ ប៉ុន្តែលោកបានស្នើកុំឲ្យអ្នកគាំទ្របក្ស «ងាករ៉េតាមការអូសទាញចង់ធ្វើការផ្លាស់ប្តូរឲ្យសោះ»។
អតីតឧបនាយរដ្ឋមន្ត្រីរូបនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៧ ដោយសមត្ថកិច្ចថា មានជាប់ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀនកាលពី១០ឆ្នាំមុន។
ទោះជាយ៉ាងណាក៏ដោយ ការចាប់ខ្លួនលោក ញឹក ប៊ុនឆៃ ត្រូវបានធ្វើឡើងបន្ទាប់ពីលេចធ្លាយដំណឹងថា ឧត្ដមសេនីយ៍ផ្កាយ៤រូបនេះ មានបំណងចុះចូលជាមួយគណបក្សសង្គ្រោះជាតិ ដែលនាំឲ្យមានការចោទថា លោកមិនស្មោះត្រង់នឹងគណបក្សកាន់អំណាច៕